ថៃ​ កំពុងឆេះ​ដុំដោយចោទថា​​​ ​ផែនទី​ប្រាសាទ​តាមាន់​ធំត្រូវបានរំកិល​​ចូល​ដី​ខ្មែរលើ​ Google Maps

ចែករំលែក៖

ភ្នំពេញ៖ ក្រោយ​ពីកម្ពុជាបាន​ដាក់លិខិត​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ (ICJ) ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ ៣ ថៃហាក់​បង្វែ​ចំណាប់​អារម្មណ៍​ទៅលើ​ផែនទី​របស់​ប្រាសាទ​តាមាន់ធំ​នៅក្នុង​ទឹក​ដី​កម្ពុជា​ថា ត្រូវបាន​រំកិល​ចេញពី​ដីរបស់​ខ្លួន​នៅលើ Google Maps។

បេីយោងតាម​ The Nation Thailand បានចុះផ្សាយថា ​អ្នកនាំពាក្យ​កងយោធពល​ទាហ៊ាន​​ថៃ​ នៅ​​ថ្ងៃ​ពុធនេះ ​បាន​ស្វែងរក​ការបន្ធូរបន្ថយ​ការព្រួយបារម្ភ​ជា​សាធារណៈ ​ដែល​​បង្កើន​ការភ័យខ្លាច​ថា​ប្រទេស​ថៃ​អាច​បាត់បង់​ទីតាំងប្រាសាទ​ និង​ទឹកដី​ជុំវិញនោះ​​។​

​អ្នកនាំពាក្យ RTA ឧ​ត្ត​ម​សេនីយ Winthai Suvari បាន​និយាយថា៖ «ព្រំដែន​ផែនទី​ដែល​បង្ហាញ​នៅលើ Google Maps មិនមាន​ទម្ងន់​ស្របច្បាប់​ទេ ហើយ​ប្រទេស​ថៃ​បាន​អនុវត្ត​អធិបតេយ្យភាព​លើ​ទីតាំង​បុរាណ​ខ្មែរ​យ៉ាង​ខ្ជាប់ខ្ជួន​»។​

ថៃ​ចាត់ទុក​ប្រាសាទតាមាន់ធំ​​នេះ​​​ស្ថិតនៅក្នុង​ទឹកដី​របស់ខ្លួន ជាពិសេស​នៅក្នុង​តំបន់ បានណុង​ខាន់ណា​ឃុំ​តា​មឿង ស្រុកភ្នំដុងរ៉ាក់​ (ភ្នំដងរែក) ខេត្ត សុរិន​​។​

យ៉ាងណាមិញ ប្រាសាទ​តាមាន់ធំ ស្ថិតក្នុង​ទឹកដីកម្ពុជា​នៃ​ភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។

មិនត្រឹមតែ​តំបន់​ប្រាសាទ​តាមាន់ធំនោះទេ កម្ពុជា​ស្វែង​រក​កិច្ច​អន្ដរាគមន៍ពី​តុលការ ICJ ទាំង​តំបន់​ប្រាសាទ​តាមាន់តូច​ ដែលបច្ចុប្បន្ន​ត្រូវបាន​ដៅ​ក្នុង​ដីថៃដោយ Google Maps មក​កម្ពុជា​វិញ​ផងដែរ​៕ 

រូបភាព​៖​ ផែនទី​តំបន់​ប្រាសាទ​មាន់តូច ដែល Google Maps ដាក់​ជា​ទីដីថៃ ខណៈ​ប្រាសាទ​តាមាន់ធំ​ ក្នុង​ទីដី​ខ្មែរ ដែល​ធ្វើ​ឱ្យ​ថៃ​ឆេះដុំ។ រូបថត Google Maps

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print