ខេត្តបន្ទាយមានជ័យៈស្ត្រីពលករខ្មែរម្នាក់ឆ្លងដែនចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសម្រាល កូន នៅរសៀលថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២៥ ក្រុងប៉ោយប៉ែត ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ស្ត្រីជាពលរកខ្មែរម្នាក់ខណៈចេញពីប្រទេសត្រឡប់ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឈឺពោះសម្រាលកូន ត្រូវបានអាជ្ញាធរ ខេត្ត ក្រុង មន្ត្រីពាក់ព័ន្ធជុំវិញច្រក រួមជាមួយក្រុមគ្រូពេទ្យប្រចាំការ ទទួលពលករវិលត្រឡប់មកប្រទេសវិញនោះ ជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី)។
លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា៖ ស្ត្រីដែលជាពលករខ្មែរឈ្មោះ សេង កែវមុនី ភេទស្រី អាយុជាង៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកពាមរក៏ ខេត្តព្រះវែង។ហើយលោកអភិបាលក្រុងបានឧបត្ថម្ភដល់ស្ត្រីសំរាលកូនជាថវិកា៨០ម៉ឺនរៀល ពេលដែលស្ត្រីខាងលើមានសុខភាពរឹងមាំអាចចេញពីពេទ្យ បានក្រុមការងារនឹងដឹកជញ្ជូនគាត់ដល់លំនៅឋាន។
លោក អោក ទីណា ប្រធានមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប្រាប់ថា៖ ស្ត្រីដែលឈឺពោះឆ្លងទន្លេសម្រាលកូននេះ កើតបានកូនប្រុសម្នាក់ មានទំងន់៣១៦៨ក្រាមសម្រាលនៅម៉ោង១៤,១០នាទី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥
ទាំងម្តាយនិងកូន មានសុខភាពល្អធម្មតា ឥលូវកំពុងឲ្យពួកគាត់សំរាកពេលរឹងមាំហើយ ទើបអនុញ្ញាតិឲ្យគាត់វិលទៅសំរាកនៅលំនៅឋានវិញ៕វណ្ណា