បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពង្រឹងគុណភាពសេវាកម្ម និងផ្សព្វផ្សាយស្ដង់ដារចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ(ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀហ្គាឌិននៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖​ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥  មន្ទីរទេសចរណ៍ខេត្ត សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពង្រឹងគុណភាពសេវាកម្ម និងផ្សព្វផ្សាយស្ដង់ដារចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ(ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន) ដែលរៀបចំទ្បើងនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីទ្បាទេសចរណ៍ តំណាងលោកអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ស្តីទីនៃក្រសួងទេសចរណ៍ និង លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។

ក្នុងឪកាសនោះ  ក៏មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងទេសចរណ៍ ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី មន្ត្រីជំនាញ ការិយាល័យច្រកចេញ ចូលតែមួយក្រុង ស្រុក ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សរុបចំនួន ៨០ នាក់ ស្រី ២៩ នាក់ ។ 

ក្នុងឪកាសនោះ លោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងថាក្រោមការខិតខំប្រឹង ប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ដែលមាន លោកប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង យើងឃើញថាកើតមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសលើការងារវិនិយោគខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស សរុប ១,០៣៦ កន្លែង ដែលបង្កើតឱកាសការងារជូនប្រជាពលរដ្ឋប្រមាណ ១៣០,២៧៩ នាក់ ។

លោកបន្តថា ដោយឡែក លើស ម្បទាទេសចរណ៍រួមមាន៖សណ្ឋាគារមានចំនួន ៤០កន្លែង ផ្ទះសំណាក់មានចំនួន ៨៣ កន្លែងភោជនីយដ្ឋាន អាហារដ្ឋាន ៩៨កន្លែង ឌីស្តូតែកមានចំនួន ០៧កន្លែងខារ៉ាអូខេ ចំនួន៤១កន្លែង ម៉ាស្សាចំនួន ៣៩ កន្លែង បៀហ្គាឌិនចំនួន ០២កន្លែង កីឡាទេសចរណ៍មានចំនួន ០៣កន្លែង រមណីយដ្ឋានចំនួន ០៣កន្លែង ធម្មជាតិ ០២ កន្លែង និងវប្បធម៌ ០១កន្លែង ។

លោក សុខ វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីទ្បាទេសចរណ៍ បានថ្លែងថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាកម្មអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន និងជំរុញការអនុវត្តស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពភ្ញៀវ លើកកម្ពស់គុណភាពសេវាកម្មមណ្ឌល កម្សាន្តទេសចរណ៍មនុស្សពេញវ័យ បង្កើនការពេញចិត្តដល់ភ្ញៀវ រួមចំណែកផ្សព្វផ្សាយតំបន់គោលដៅ ទេសចរណ៍ខេត្តស្វាយរៀង និងជំរុញកំណើនភ្ញៀវនារដូវកាលបៃតងនេះ។

លោកបានមានប្រសាសន៍បន្តថា អាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន” ជា ផលិតផលទេសចរណ៍មួយដ៏មានសារៈសំខាន់ ដែលមិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍន៍ផលិតផល ទេសចរណ៍ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិឱ្យមកទស្សនានៅតាមតំបន់គោលដៅទេសចរណ៍នៃព្រះរាជា-ណាចក្រកម្ពុជា ជាពិសេសចូលរួមជំរុញកំណើនភ្ញៀវ និងកំណើនសេដ្ឋកិច្ចពេលរាត្រីតាមរយៈ “សកម្មភាព សេវាកម្សាន្ត”។

លោក ក៏បានលើកទឹកចិត្តដល់បងប្អូនជាម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការផ្នែកសេវា កម្សាន្ត ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនាពេលនេះសូមយកចិត្តទុកដាក់លើការពន្យល់ ការណែនាំ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីទទួលបាននូវបទពិសោធន៍ ចំណេះដឹងបន្ថែមក្នុងការរៀបចំ ដំណើរការអាជីវកម្មសេវាកម្សាន្តទេសចរណ៍របស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតតាមរយៈបទបង្ហាញ របស់វាគ្មិនក្រសួងទេសចរណ៍នាពេលបន្តិចទៀតនេះ ផងដែរ។

ក្នុងឪកាសបិទវគ្គនេះដែរ លោក  សូមថ្លែងអំណរគុណដល់ លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីពី “ការពង្រឹងគុណភាពសេវាកម្ម និង ផ្សព្វផ្សាយស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ” ដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងបន្ថែមក្នុងការពង្រឹងយន្តការ គ្រប់គ្រងអាជីវកម្ម និងគុណភាពសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន)៕

...

យឹម​ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print