បុរសម្នាក់ដាច់ក្បាលចេញពីស្មា ដោយសារជនសង្ស័យប្រើកាំបិតខ្វែវកាប់ក្នុងវង់ផឹកស្រានៅស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ អំពើឃាតកម្មដ៏ព្រៃផ្សៃនិងគួរឲ្យរន្ធត់មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់ដាច់ក្បាលចេញពីស្មា ស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ ក្នុងវង់ផឹក ស្រា១កន្លែង ដែលបង្កឲ្យមានការតក់ស្លុតដល់មជ្ឈដ្ឋានទូទៅ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង៤០នាទីល្ងាច ថ្ងៃទី០១ខែ កក្កដា ២០២៥ នៅចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗ រួមនឹងវត្ថុតាងកាំបិតខ្វែវ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃាតកម្មនេះមានឈ្មោះ ទុំ ចិន្តា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ដែលបានរងរបួសដាច់ក្បាលធ្លាក់ពី លើស្មាស្លាប់បាត់បង់ជីវិត។ ចំណែកជនសង្ស័យដែលធ្វើ សកម្មភាពយ៉ាងឃោរឃៅនេះ គឺឈ្មោះ ចែម ធារ៉ា ភេទ ប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុដូចគ្នា ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ វត្ថុតាងដែលចាប់យកបានរួមមាន កាំបិតខ្វែវចំនួន ១ ដែលជាឧបករណ៍ជន សង្ស័យប្រើប្រហារ។

ប្រភពដដែលបានបន្តរៀបរាប់ពីសភាពរឿងហេតុថា កន្លងមកជនសង្ស័យរូបនេះធ្លាប់បានប្រើប្រាស់សារធាតុញៀន។ នៅថ្ងៃកើតហេតុ វេលាម៉ោង ១៧:០០នាទីល្ងាច ជនរងគ្រោះបានអង្គុយហូបស្រាថ្នាំជាមួយឈ្មោះ ឈាង និង ឈ្មោះ ណាន នៅលើគ្រែមុខផ្ទះរបស់ឈ្មោះ អន ផៃ ដែលនៅក្បែរផ្ទះរបស់ជនសង្ស័យ។ ពេលជនរងគ្រោះកំពុងហូបស្រាថ្នាំលើគ្រែនោះ ស្រាប់តែជនសង្ស័យ ចែម ធារ៉ា កាន់កាំបិតខ្វែវដើរចេញពីផ្ទះមកកន្លែងវង់ផឹកស្រារបស់ជនរងគ្រោះ។ ពេលនោះ អ្នកនៅក្នុងវង់ផឹកស្រាសួរជនសង្ស័យថា “ហ្អែងទៅណា?” ជនសង្ស័យឆ្លើយថា “ទៅរកកាប់ចម្ពាម”។ និយាយរួច ជនសង្ស័យក៏ដើរចេញបានបន្តិច ស្រាប់តែជនសង្ស័យក៏ដើរត្រឡប់មកវិញ យកកាំបិតខ្វែវកាប់សំដៅកជនរងគ្រោះបណ្ដាលឲ្យដាច់ក្បាលជនរងគ្រោះចេញពីស្មាធ្លាក់លើគ្រែ ឯខ្លួនធ្លាក់ទៅដីភ្លាមៗយ៉ាងរន្ធត់។

ប្រភពសមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាម ជនសង្ស័យបានរត់គេចខ្លួន ហើយប្រជាពលរដ្ឋដែលឃើញហេតុការណ៍ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ដល់ទីកន្លែងកើតហេតុ ឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋានស្រុកខ្សាច់កណ្តាលបន្តអនុវត្តតាមនីតិវិធី។

...

បច្ចុប្បន្ន ជនសង្ស័យ ចែម ធារ៉ា ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលនាំឲ្យមានអំពើឃាតកម្មដ៏សាហាវនេះ មិនទាន់ត្រូវបានដឹងនៅឡើយទេ ដោយសង្ស័យថាអាចបណ្ដាលមកពីជនសង្ស័យបែកថ្នាំ ខណៈដែលសមត្ថកិច្ចកំពុងបន្តសាកសួរជនសង្ស័យដើម្បីបំភ្លឺបន្ថែម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print