សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់ធំ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជានៅក្នុងខេត្តកំពង់ធំ។

លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និ​ង​ជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ដោយសារ​ស្នាក់​ការគណបក្សប្រជាជនខេត្តកំពង់ធំបច្ចុប្បន្ន មានសភាពតូចចង្អៀត និងមិនអាច​ឆ្លើយតបបានទៅនឹងតម្រូវការការងារជាក់ស្តែងរបស់គណបក្ស ដែលកន្លងមក​រាល់​ការ​រៀបចំពិធីជួបជុំជាមួយសមាជិកបក្សម្តងៗ តែងតែជួលទីតាំងឯកជន​សម្រាប់រៀប​ចំពិធី ដូចនេះក្រុមការងារបក្សបានឯកភាពគ្នាជាឯកច្ឆន្ទ សាងសង់ទីស្នាក់ការគណ​បក្ស​ខេត្ត​ថ្មី ដើម្បីឱ្យមានភាពសក្តិសម និងមានមុខងារគ្រប់គ្រាន់អាចឆ្លើយតបបាន​ទៅ​នឹងតម្រូវការចាំបាច់​នៃការងារប្រកបដោយប្រសិទ្ធភាព។

គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ ត្រូវ​បាន​គិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យមានភាពសក្តិសមទៅនឹងតម្រូវការចាំបាច់ និង​មាន​ពហុមុខងារគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការងារប្រកបដោយប្រសិទ្ធភាព។ គម្រោងសាងសង់នេះ ត្រូវបានរចនាប្លង់សាងសង់តាមរចនាបថខ្មែរ ដោយក្រុមហ៊ុន​រចនា​ប្លង់ «មនា ខន់ស្រ្កាក់សិន» និងអនុវត្តសាងសង់ដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដោយរួមមានអគារសំខាន់ៗចំនួន ២ ដូចខាងក្រោម៖

ទី១៖ អគារ​ទីស្នាក់ការធំ៖ ត្រូវបានរចនាបថនៃស្ថាបត្យកម្មសម័យអាណានិគម ផ្សារ​ភ្ជាប់​ជាមួយនឹងស្ថាបត្យកម្មប្រភេទដំបូលប៉ិតរបស់ខ្មែរ ដែលជាប្រភេទដំបូល​ដ៏ពេញ​និយមមួយនៅក្នុងស្ថាបត្យកម្មខ្មែរ និងមានកម្ពស់ ២ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានក្រឡាផ្ទៃបាតសរុបទំហំ ៣,១៦៨ ម៉ែត្រក្រឡា ហើយមានតួនាទីសំខាន់​សម្រាប់​បម្រើ​ដល់ការជួបជុំធំៗ ដែលអាចទទួលមនុស្សបានពី ៨០០ ដល់ ១ ០០០នាក់ និង​ជា​ការិយាល័យធ្វើការ បន្ទប់រង់ចាំ សាលប្រជុំតូច។

ទី២៖ អគាររដ្ឋបាល៖ ត្រូវបានរចនាឡើងស្របតាមស្ថាបត្យកម្មខ្មែរដែលមាន​ដំបូល​ប្រភេទរោងឌឿង និងមានក្រឡាផ្ទៃសរុបទំហំ ៤៧១ម៉ែត្រក្រឡា។ អគារនេះមានមុខ​ងារបម្រើឱ្យការងារទូទៅប្រចាំថ្ងៃរបស់គណបក្សខេត្ត រួមមាន៖ បន្ទប់សម្រាប់​មន្ទីររដ្ឋ​បាល, មន្ទីររណសិរ្ស, គណៈឃោសនាអប់រំ, គណៈចាត់តាំង, គណៈត្រួតពិនិត្យ, គណៈ​ចលនាមហាជន, គណៈហិរញ្ញវត្ថុ និងបន្ទប់ប្រជុំ។

ក្រៅពីអគារសំខាន់ទាំងពីរខាងលើនេះ ក៏មានការសាងសង់អគារ និងហេដ្ឋារចនា​សម្ព័ន្ធ​ពាក់ព័ន្ធមួយចំនួនទៀត ដូចជា៖ អគារផ្ទះបាយដែលមានក្រឡាផ្ទៃសរុបទំហំ ៣០៥ម៉ែត្រក្រឡា, អគារទទួលទានអាហាររួមមានក្រឡាផ្ទៃសរុបទំហំ ២១៩ ម៉ែត្រ​ក្រឡា, រោងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគាំទ្រ រួមមានផ្លូវ, របង, សួនច្បារ, ខ្យូសកម្សាន្ត ចំណតរថយន្ត និងទីធ្លាសម្រាប់រៀបចំមីទ្ទីង​ផ្សេងៗ​ដែល​អាចផ្ទុកមនុស្សចំនួនប្រមាណ ១ម៉ឺននាក់។

...

ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំថ្មីនេះ គ្រោងនឹងសាងសង់ឱ្យបាន​រួចរាល់​មុនដំណាច់ឆ្នាំ២០២៦ ដែលត្រូវចំណាយថវិកាប្រមាណ ២ ៦៦៧ ៩៧៦ដុល្លារ រួមបញ្ចូលថវិកាចំណាយលើទីប្រឹក្សាបច្ចេកទេស (Consultant) ប៉ុន្តែមិនទាន់បូករួមលើការចំណាយក្នុងការចាក់ដីបំពេញ និងកែលម្អដី ព្រមទាំងពន្ធអាករក្នុងករណីច្បាប់តម្រូវឱ្យបង់នៅឡើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print