កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ រដ្ឋសភាកម្ពុជានឹងកោះប្រជុំ ដើម្បីពិភាក្សាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការដកសញ្ជាតិ ជនជាតិខ្មែរណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯងហើយ ដោយកិច្ចប្រជុំនេះគឺគ្មានការប្រែប្រួលនោះឡើយ ហើយអ្នកណាចង់និយាយអ្វីក៏មិនខ្វល់ដែរ។

ក្នុងឱកាសអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូអ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅក្រុមប្រឆាំង ជាពិសេសពួកឧទ្ទាមក្រៅច្បាប់ថា រដ្ឋសភានឹងបើកកិច្ចប្រជុំឆាប់ៗនេះ ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិហើយ ដោយសារតែពួកទាំងនោះបានធ្វើរឿងមិនគប្បីចំពោះជាតិ ពោលគឺឃុបឃិតជាមួយបរទេស ជាពិសេសទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃតែម្តង។

យោងតាមលិខិតទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា របស់ឯកឧត្តម ហ៊ី សោភា បានឲ្យដឹងថា កាលពីថ្ងៃ២ កក្កដា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំដើម្បីពិភាក្សាលើការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ ។ ជាលទ្ធផលសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៩សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល បានលើកដៃអនុម័តចំពោះការស្នើសុំធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរនេះ ។ 

លិខិតបញ្ជាក់ថា ការសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា មានគោលបំណងសំខាន់ដើម្បីបើកផ្លូវអនុញ្ញាតឲ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិតជាមួយបរទេស ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។ 

ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃមាត្រាខាងលើ គឺដើម្បីលើកកម្ពស់ ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាមួយគ្នានេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ 

លិខិតបន្តថា វិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print