ភ្នំពេញ ៖ ACU បើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួង អប់រំ និងលោក ស ថាវី អនុរដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា!
បេីតាមការចេញផ្សាយរបស់ACU នៅ ថ្ងៃទី៣ កក្កដា នេះ លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ជាជនសង្ស័យនៃសំណុំរឿង មិនមែនជាអ្នកសាក្សីនោះទេ។
សូមបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនទ្រីលាន ស៊ីធីមើលដ៍ ឯ.ក និងបក្ខពួក ត្រូវបានស្នងការនគរបាលខេត្តសៀមរាប ឃាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០២៤។ ក្រុមហ៊ុនរបស់អតីតឧកញ៉ារូបនេះ បានឆបោកជនរងគ្រោះចំនួន ៤ ៩២៩នាក់ ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ប្រចាំខែ។
លោក កែវ នាថមុន្នី ប្រធាននាយកដ្ឋានគតិយុត្តិ ពាក្យប្ដឹង និងអន្តរជាតិ សមាជិកក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើរលួយ បានប្រាប់សារព័ត៌មានថា ៖ អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុងរបស់ខ្លួន បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។
លោក កែវ នាថមុន្នី បានបញ្ជាក់ថា ៖ ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាប ក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ហើយតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។
លោកបានបន្តថា សំណុំរឿងទាំង ៣២នេះ មានទាំងអស់ 24.852ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។
រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និង ស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង៕
ដោយ ៖ សិលា