ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តធុនធំដឹកគោពីក្រោយបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ត្រូវបានកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ចេញសង្គ្រោះដឹកយកទៅមន្ទីរពេទ្យនៅវេលាម៉ោង១២និង៥៩នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានរថយន្តកូរ៉េធុនធំពណ៌ស ពាក់ស្លាកលេខ 3F- 0597 ដឹកគោធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3A – 1159 ដែលបេីកបរលឿនមិនប្រយ័ត្នមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យតៃកុងគាបជាប់ក្នុងកាប៊ីនរថយន្តរងរបួសធ្ងន់។
ក្រោយកេីតហេតុកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានចេញសង្គ្រោះ កាត់យកជនរងគ្រោះមកក្រៅដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ