ខេត្តមណ្ឌលគីរី : ករណីដីច្រោះ និងគុម្ពឫស្សី ដែលបាក់ធ្លាក់ដោយសារទឹកភ្លៀងធ្លាក់ជោគជាំ នៅត្រង់ចំណុច គ.ម លេខ ១៣៧ ផ្លូវជាតិលេខ៧៦ (ភ្នំបាយឆៅ ភូមិសាស្ត្រខេត្តមណ្ឌលគិរី) ត្រូវបានក្រុមការងារការដ្ឋាន នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បារ កាយ គាស់ កៀរសម្រួល ចេញពីផ្លូវអស់ហើយ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ។
ក្រុមការងារបន្តលាងសម្អាតកម្ទេច ភក់ជាប់នឹងផ្លូវ ដើម្បីធានាការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ។
គួរបញ្ជាក់ថា នៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ពេលមេឃកំពុងភ្លៀងខ្លាំងមានករណីច្រោះបាក់ដី រលំគុម្ពឫស្សីពីចំណោតភ្នំបាយឆៅធ្លាក់មកលើផ្លូវជាតិលេខ៧៦ តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស ឬប៉ះពាល់ដល់យានយន្តណាមួយឡើយ។
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី បានចេញទៅទីតាំងកើតហេតុភ្លាមទាំងយប់ ដើម្បីកៀរសម្រួល ធានាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕
ដោយ ៖ ស សម
