មីងលី គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនរាប់សែននាក់ ដែលបានឆ្លងកាត់ការរស់នៅដោយគ្មានសិទ្ធិសេរីភាព និងគ្មានការជួបជុំគ្រួសារបងប្អូនឡើយ។ អ្វីៗ ត្រូវរស់នៅជាក្រុមទៅតាមការចាត់តាំងរបស់អង្គការ។ មនុស្សចាស់ត្រូវរស់នៅក្រុមមនុស្សចាស់ យុវជនត្រូវរស់នៅក្រុមយុវជន ក្មេងត្រូវរស់នៅក្រុមក្មេង ប្រុសនៅដោយប្រុស ស្រីនៅដោយស្រី លើកលែងតែគូស្វាមីភរិយាដែលទើបតែរៀបការរួច និងក្មេងមិនទាន់អាចធ្វើអ្វីបានប៉ុណ្ណោះ ទើបអាចនៅជាមួយគ្នាបាន។ មីងលី បានចែករំលែកបទពិសោធជីវិតរបស់គាត់ក្នុងរបបខ្មែរក្រហមថា÷
ខ្ញុំទើបតែមានអាយុ ៨ ឆ្នាំទេនៅក្នុងរបបខ្មែរក្រហម ប៉ុន្តែខ្ញុំបានឆ្លងកាត់នូវរឿងរ៉ាវដ៏សែនជូរចត់ជាច្រើន។ ខ្ញុំរស់នៅជាមួយក្រុមគ្រួសាររួមមាន ឪពុកម្ដាយ និងបងប្អូនស្រីប្រុសចំនួន ៨ នាក់។ ខ្ញុំគឺជាកូនទី ៦។ បងស្រីទាំងពីរនាក់របស់ខ្ញុំ គឺជាកូនភ្លោះ។ គាត់មានអាយុ ១១ ឆ្នាំ និងបងប្រុសទាំងបីនាក់របស់ខ្ញុំមានមានអាយុច្រើនជាងគ្នាឆ្នាំពីរៗឆ្នាំ។ រីឯប្អូនប្រុសទាំងពីររបស់ខ្ញុំនៅតូចៗនៅឡើយ។
មុនឆ្នាំ ១៩៧៥ យើងរស់នៅជួបជុំគ្នាយ៉ាងសុខសាន្ត ប៉ុន្តែបន្ទាប់ពីខ្មែរក្រហមទៅគ្របដណ្ដប់ប្រទេសកម្ពុជាបានទាំងស្រុងជីវិតបងប្អូនយើងទាំង ៨ នាក់ មិនដែលបានជួបជុំគ្នាឡើយ។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវបែកគ្នាទាំងអស់។ ម្ដាយរបស់ខ្ញុំត្រូវទៅធ្វើចុងភៅ និងឪពុករបស់ខ្ញុំ ត្រូវទៅធ្វើការជាទម្ងន់។ រីឯបងប្រុសរបស់ខ្ញុំចូលក្នុងកងយុវជនឈានមុខ។ ចំណែកបងទីបីត្រូវទៅមើលគោរាប់សិបក្បាល។ បងទីមួយ និងទីពីរ ត្រូវអង្គការចាត់តាំងឲ្យចូលក្នុងក្រុមធ្វើកសិកម្ម និងប្រព័ន្ធធារាសាស្រ្ត។ ចំណែកខ្ញុំនឹងបងស្រីទាំងពីរនាក់ត្រូវបានអង្គការប្រើឲ្យដើរើសអាចម៍គោនិងទៅរៀន។
ក្រៅពីកម្សត់ ក៏មានរឿងរ៉ាវខ្លះសប្បាយដែរ។ ខ្ញុំបានដើរើសអាចម៍គោ ជួនកាលរត់លេងតាមវាលស្រែដេញចាប់គ្នាលេង និងមើលប្អូនតូចៗ ពេលខ្លះខ្ញុំវាយប្អូនឱ្យយំដើម្បីគេចខ្លួន។ ពេលរៀនខ្ញុំខ្ជិលណាស់។ ខ្ញុំអត់ចង់ចូលរៀនទេ ព្រោះខ្ញុំស្អប់គ្រូ។ អ្នកគ្រូកាចណាស់វាយខ្ញុំស្ទើរតែរាល់ថ្ងៃ។អង្គការឲ្យខ្ញុំរៀននៅក្រោមដើមព្រីងគ្មានអាគារនោះទេ។ ចំពោះគ្រូបង្រៀនវិញ គឺមានចំណេះដឹងតិចតួច និងគ្មានគរុកោសល្យអ្វីឡើយ ចេះត្រឹមតែអក្សរក.ខ.គ…និងស្រៈតែប៉ុណ្ណោះ។ គ្រូបង្រៀនតែពីរបីអក្សរទេរៀងរាល់ថ្ងៃ។
ជីវិតរបស់ខ្ញុំត្រូវរស់នៅយ៉ាងវេទនា ពេលយប់ម្ដងៗខ្ញុំកម្រនៅដេកជាមួយក្មេងៗ ឯទៀតណាស់។ ខ្ញុំបានរត់ទៅផ្ទះម្ដាយរបស់ខ្ញុំស្នាក់នៅមានចម្ងាយប្រហែលជា ៥ គីឡូម៉ែត្រ។ ពេលខ្លះខ្ញុំត្រូវរត់ពួនពីកងទ័ពចល័ត និងពេលខ្លះទៀតខ្ញុំវង្វេងផ្លូវរកផ្ទះមិនឃើញ ត្រូវដេកកណ្ដាលផ្លូវតែម្នាក់ឯងទាំងរងា ទាំងភ័យ ព្រោះសុទ្ធតែព្រៃមានសត្វសាហាវរស់នៅ។ ទោះបីជាខ្ញុំវង្វេងផ្លូវយ៉ាងណា ក៏ខ្ញុំមិនអាចបញ្ឈប់គំនិតរត់ទៅរកម្តាយរបស់ខ្ញុំបានដែរ។
នៅគ្រាមួយ ខ្ញុំឃ្លានយ៉ាងខ្លាំងព្រោះមិនបានហូបបាយពេញមួយថ្ងៃ។ ខ្ញុំលើកតែដៃស្ទើរមិនរួចផង។ ខ្ញុំខំដើរទៅកន្លែងម្ដាយរបស់ខ្ញុំ។ ពេលទៅដល់ភ្លាម ម្ដាយរបស់ខ្ញុំឃើញខ្ញុំបែបនោះក៏បានស្រវាស្រទេញរកអីមកឲ្យខ្ញុំហូប។ គាត់បានយកបាយក្តាំងមួយដុំដែលនៅសល់ពីព្រឹក មកឱ្យខ្ញុំ។ ខ្ញុំហូបបាយនោះភ្លាម មានកម្លាំងណាស់ វាគឺជាបាយដែលឆ្ងាញ់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ។បន្ទាប់ពីខ្ញុំហូបបាយនោះមិនទាន់បានពាក់កណ្ដាលផង ស្រាប់តែមានមីងម្នាក់ទៀតនៅផ្ទះបាយជាមួយម្ដាយរបស់ខ្ញុំ បានមកកញ្ឆក់បាយក្តាំងរបស់ខ្ញុំ ហើយស្តីបន្ទោសឲ្យម្តាយរបស់ខ្ញុំខ្លាំងៗថាយីម៉េចមិត្តឯងធ្វើអីចឹង? តែអង្គការចាប់បានដាក់ទោសទាំងអស់គ្នាឥឡូវហើយ។ ម្ដាយរបស់ខ្ញុំយំអាណិតខ្ញុំពន់ពេកពេលឃើញដៃរបស់ខ្ញុំញ័រទទ្រើតឃ្លានស្ទើរតែដាច់ខ្យល់។ ខ្ញុំនឹងម្ដាយងាកមកយំអោបគ្នាយ៉ាងខ្សឹកខ្សួល។ ម្ដាយរបស់ខ្ញុំបានលួងលោមខ្ញុំថា ទ្រាំសិនទៅកូនបន្តិចទៀត លែងអីហើយ។រំពេចនោះគាត់បានទៅយកដំឡូងមួយដុំដែលគាត់ទុកហូបខ្លួនឯងមកឲ្យខ្ញុំ។ ម្ដាយរបស់ខ្ញុំសុខចិត្តអត់ហូបខ្លួនឯង។
ឆ្នាំ ១៩៧៨ ជាថ្ងៃដែលខ្ញុំមិនចង់រំលឹកនោះទេ។ ថ្ងៃមួយម៉ោងប្រហែល ២ រសៀលជាង ខ្ញុំបានទទួលដំណឹងថា ឪពុករបស់ខ្ញុំស្លាប់ដោយសារថ្មធ្លាក់កិន។ ពេលនោះអារម្មណ៍របស់ខ្ញុំឈឺចាប់គ្មានអ្វីប្រៀបស្មើបានឡើយ។ ពេលខ្ញុំរត់ទៅដល់កន្លែងនោះ ខ្ញុំបានឃើញម្តាយរបស់ខ្ញុំយំរហូតដល់សន្លប់។ បងស្រីទាំងពីរនាក់របស់ខ្ញុំ កំពុងយំឱបជើងឪពុកទាំងសង្ខាង។ ខ្ញុំលត់ជង្គង់ចុះយំក្បែរនោះដែរ។ អារម្មណ៍ដែលបាត់បង់អ្នកជាទីស្រឡាញ់ពិតជាពិបាកទទួលយកណាស់។ មិនថានៅពេលណានោះទេ។ ក្រោយពីយំឡើងខ្សោះខ្លួន បងធំរបស់ខ្ញុំបានមកដល់ ហើយយកសពឪពុករបស់ខ្ញុំទៅផ្ទះដែលគាត់ស្នាក់នៅ។អង្គការបានរៀបចំបញ្ចុះសពឪពុករបស់ខ្ញុំដោយមិនទុកឱ្យនៅយូរឡើយ ហើយក៏បានធ្វើបុណ្យឲ្យបានត្រឹមត្រូវតាមប្រពៃនេះសាសនា។ ម្ដាយរបស់ខ្ញុំក្លាយជាស្រ្តីមេម៉ាយព្រមទាំងទទួលបន្ទុកមើលថែកូនទាំង ៨ នាក់តែម្នាក់ឯង។ (នៅមានត)
