ភ្នំពេញ៖ រថយន្តតាក់សុី១គ្រឿងបានបើករយ៉ែថយក្រោយកិនតុលក់ខ្នាយតាន់ រួចអ្នកបើករថយន្តតាក់សុីខាងលើបានវាយទៅលើអ្នកលក់ខ្នាយតាន់៣ដៃ ក៏ត្រូវបានអ្នកលក់ខ្នាយតាន់ខលហៅប្រពន្ធនិងកូនប្រុសព្រមទាំងបងប្អូនអោយទៅជួយព្រួតវាយទៅលើអ្នកបើករថយន្តតាក់សុីនោះវិញយ៉ាងចាស់ដៃ បន្ទាប់មកក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនទាំងសងខាងប្រុសស្រីចំនួន៥នាក់តែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីត្រង់ចំណុច ស្តុបយូអេង ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
អ្នកលក់ខ្នាយតាន់ ឈ្មោះបង វែងភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បុរសនេះរួមជាមួយប្រពន្ធ កូនម្នាក់និងបងប្អូនម្នាក់សរុប៤នាក់ ត្រូវនគរបាលឃាត់ខ្លួន ។ ចំណែកអ្នកបើកបររថយន្តតាក់សុីឈ្មោះសួន សាក់ ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវនគរបាលឃាត់ខ្លួនដែរ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុអ្នកលក់ខ្នាយតាន់បានយកសម្ភារៈមួយចំនួនមានដូចជាខ្នាយតាន់ បន្តោងខ្សែកព្រះ ខ្សែដៃអង្កាំជាដើមទៅដាក់លក់តាមចិញ្ចើមផ្លូវត្រង់ចំណុចខាងលើ ដោយដាក់នៅកូនតុតូចមួយ ។ លុះដល់ពេលកើតហេតុស្រាប់តែបុរសអ្នកបើករថយន្តតាក់សុីបានបើករថយន្ត១គ្រឿងម៉ាកឡិចសុិសRX-300 ពណ័ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AL-3615 ថយក្រោយកិនសម្ភារៈទាំងនោះ ហើយអ្នកលក់ខ្នាយតាន់បានប្រាប់ថា ថយកិនរបស់ខ្ញុំហើយ ។
ប្រភពដដែលបានអោយដឹងបន្តទៀតថា ពេលនោះអ្នកបើករថយន្តតាក់សុីបានឆ្លើយថា តើតុរបស់អ្ហែងហ្នឹងថ្លៃប៉ុន្មាន? រួចក៏ដើរចូលទៅក្នុងរថយន្តប្រុងបើកចេញទាំងមិនទទួលខុសត្រូវ ហើយអ្នកលក់ខ្នាយតាន់បានរត់ទៅឃាត់និងដកយកសោរថយន្ត ទើបបណ្ដាលអោយមានទំនាស់គ្នា ហើយអ្នកបើករថយន្តតាក់សុីបានវាយ៣ដៃ ។ បន្ទាប់មកអ្នកលក់ខ្នាយតាន់ ក៏បានខលខលហៅប្រពន្ធនិងកូនប្រុសព្រមទាំងបងប្អូនអោយទៅជួយព្រួតវាយទៅលើអ្នកបើករថយន្តតាក់សុីនោះវិញយ៉ាងចាស់ដៃ ។
ប្រភពខាងលើបានអោយដឹងថា បន្ទាប់មកក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ ចុះទៅឃាត់ខ្លួនទាំងសងខាងតែម្ដង ដោយឃាត់អ្នកលក់ខ្នាយតាន់ ប្រពន្ធរបស់គាត់រួមជាមួយកូនប្រុសម្នាក់ និងបងប្អូនម្នាក់សរុប៤នាក់ ។ រីឯបុរសអ្នករត់តាក់សុីទ្រមខ្លួននិងត្រូវនគរបាលឃាត់ខ្លួនដែរ រួចនគរបាលបាននាំទៅកាន់ប៉ុស្តិ៍កាកាបទី២ ដើម្បីដោះស្រាយគ្នា ប៉ុន្តែមិនទាន់ដឹងថាត្រូវគ្នាបែបណាឡើយ ៕