ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី មុនចេញដំណើរបន្តការសិក្សា នាខែសីហាខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ តបតាមសំណើរបស់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៥-២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដោយលោក ថ្នាក់ដឹកនាំក្រសួង បានទទួលជួប និងផ្តល់អនុសាសន៍តម្រង់ទិសជូនដល់ប្អូនៗ និស្សិតជ័យលាភី ចំនួន ១៦រូប នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។

ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសហុងគ្រី នាពេលនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ បានចែករំលែកនូវបទពិសោធ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងចំណុចនៃភាពជាតំណាងកម្ពុជានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមនិសិ្សតក្នុងខិតខំសិក្សាឈ្វេងយល់បន្ថែមពីអ្វីដែលជាមោទនភាពរបស់ខ្មែរ ផ្តើមពីការយល់ច្បាស់ពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់របស់ថ្នាក់ដឹកនាំជាឥស្សរជនគ្រប់ជំនាន់ និងគ្រប់ដំណាក់កាលនៃដំណើររបស់កម្ពុជា។

ឆ្លៀតក្នុងនៅក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានបង្ហាញពីឆន្ទៈ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការរួមចំណែកដ៏សំខាន់នៅក្នុងដំណើរវិវត្ត និងការអភិវឌ្ឍរបស់កម្ពុជាឆ្ពោះទៅមុខផងដែរ។ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ក្នុងការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ក្នុងបុព្វហេតុកសាងកម្លាំងរួម និងកសាងសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រាប់អ្នកជំនាន់ក្រោយ ដោយគូសបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិតទាំងអស់គ្នានាពេលនេះ គឺជាភាពជោគជ័យរបស់របស់ខ្លួនផង ក្រុមគ្រួសារផង ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នា មានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា។

សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print