ភ្នំពេញ៖ ការប្រកួតបង្កើតជាវីដេអូអប់រំខ្លី ស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោត ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត គ.ជ.ប និងទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ហៅកាត់ JICA បានរកឃើញចំណាត់ថ្នាក់លេខ១ក្នុងការចូលរួមប្រកួតប្រជែងផលិតវីដេអូអប់រំខ្លី ទាក់ទងការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស បន្ទាប់ពីធ្វើការជម្រុះពី៣០ក្រុមមកនៅ១០ក្រុម ។ ជាលទ្ធផល គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបានផ្តល់ជូនទៅខាងក្រុមលោក វ៉ែន បូរី ទទួលបានចំណាត់ថ្នាក់លេខ«១»ដែលការផលិតវីដេអូខ្លីនេះមានរយៈពេលតែ៥៨វិនាទីប៉ុណ្ណោះ ។
លទ្ធផលជ័យលាភីនេះត្រូវបានប្រកាសពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត គ.ជ.ប បន្ទាប់ពីអង្គសិក្ខាសាលាស្តីពី ផលិតវីដេអូបានបញ្ចប់ជាមួយនឹងវាគ្មិន និងក្រុមសម្របសម្រួលធ្វើការណែនាំពីការផលិតវីដេអូ បច្ចេកទេសថត ការកែសម្រួលខ្លឹមសារ បានបញ្ចប់ ។
ជាគោលការណ៍សម្រាប់ជ័យលាភីត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសយ៉ាងសម្រឹតសម្រាំងតែ៣ក្រុមប៉ុណ្ណោះ ក្នុងចំណោម១០ក្រុម ហើយចំណាត់ថ្នាក់លេខ១ បានមកក្រុមលោក វ៉ែន បូរី ចំណាត់ថ្នាក់លេខ២ ក្រុមជុំ លោក ចេស្តា និងលេខ៣ ក្រុមលោក ផាត ចាន់ណា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃទៅលើវីដេអូរបស់ក្រុមលោក វ៉ែន បូរី ដែលផលិតមានលក្ខណៈជាការអប់រំបង្ហាញទិដ្ឋភាពជាក់ស្តែងនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃពិតៗ និងមានពណ៌នាច្បាស់លាស់ ពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស។
លោក វ៉ែន បូរី តំណាងឲ្យក្រុមជ័យលាភីលេខ១ បានប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា ជ័យជម្នះនេះកើតឡើតដោយសារការខិតខំរបស់ក្រុមខ្ញុំដែលមានសមាជិក៥នាក់ ចូលរួមស្មើៗគ្មា ក្នុងការផ្តល់ជាបច្ចេកទេស និងខិតខំធ្វើការងារនេះដោយងើបពីព្រឹកព្រលឹម ទៅកាន់ខេត្តព្រៃវែងដើម្បីសម្ភាសន៍ជាមួយប្រជាពលរដ្ឋ និងថតយកទិដ្ឋភាពពិតៗនៅទីនោះដោយចំណាយពេលតែមួយថ្ងៃ ។ មិនតែប៉ុណ្ណោះពួកខ្ញុំទាំងអស់គ្នារីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះដែលបានជួយសហការជាមួយក្រុមខ្ញុំសម្រាប់ការផលិតវីដេអីអប់រំខ្លីមួយនេះរហូតទទួលបានជោគជ័យ ។
លោក វ៉ែន បូរី បន្តថា ជ័យលាភីនេះ មិនសំខាន់ទេសម្រាប់ពួកខ្ញុំនូវរង្វាន់ ទូរស័ព្ទដៃម៉ាក Sony មួយគ្រឿងនេះ តែអ្វីដែលក្រុមខ្ញុំជោគជ័យគឺខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃនូវលទ្ធផលការងារដែលខ្ញុំទាំងអស់គ្នាបានខិតខំធ្វើបានយ៉ាងមានប្រសិទ្ធភាព។ ខ្ញុំនិងក្រុមការងារ បើទោះជាម្នាក់មានភារកិច្ចជាប់រវល់នឹងការងាររៀងៗខ្លួនក៏ដោយ ប៉ុន្តែពួកយើងខ្ញុំបានសម្រេចចិត្តរួចហើយ នឹងខំផលិតឲ្យមានលក្ខណៈពិសេសលើសពីនេះ។
គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នេះ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានរៀបចំអង្គសិក្ខាសាលាស្ដីពីការផលិតវីដេអូ និងពិធីប្រគល់រង្វាន់ដល់អ្នកដែលបានចូលរួមប្រកួតប្រជែងនូវការផលិតវីដេអូ វគ្គខ្លីៗពីកម្មវិធីចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។
ក្នុងឱកាសនោះ លោក ម៉ុក ដារ៉ា បានឡើងអានសន្ទរកថាដើម្បីបើកកម្មវិធីនៃអង្គសិក្ខាសាលាស្ដីពីការផលិតវីដេអូនិងពិធីប្រគល់រង្វាន់ចំពោះក្រុមដែលទទួលជ័យលាភី។
ក្នុងនោះលោក ជ័យ សម្បត្តិ ដែលជាវាគ្មិន បានណែនាំខ្លួនជាវាគ្មិន និងប្រធានបទស្ដីពីការផលិតវីដេអូ ហើយក៏មានការសម្របសម្រួលដោយលោក ទូច យឹនមុន្នី ព្រមទាំងធ្វើការណែនាំស្ដីពីការផលិតវីដេអូ តាំងពីការរៀបចំខ្លឹមសារនៃវីដេអូ បច្ចេកទេសថត និងការកែសម្រួលក្លឹមសារ ក៏ដូចជាឲ្យមានការអនុវត្តជាក់ស្ដែងខ្លីៗផង។
នៅក្នុងអង្គសិក្ខាសាលានេះក៏វគ្គសំណួរចម្លើយសម្រាប់សាធារណៈជនផងដែរ។
ទោះយ៉ាងណា លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា «គ.ជ.ប បានត្រៀមកិច្ចការរបស់ខ្លួនរួចរាល់ហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ នៅទូទាំងប្រទេស។ ជាក់ស្តែងកាលពីម៉ោង ២ រសៀលថ្ងៃ២៩ខែសីហាឆ្នាំ២០១៦នេះ ក្រុមការងារ គ.ជ.ប បានសាកល្បងការបញ្ចូន ទិន្នន័យទៅតាមបណ្តាខេត្តមួយចំនួន។ ការសាកល្បងនេះ ក៏ទទួលបានជោគជ័យទាំងអស់។ សម្រាប់អ្នកសង្កេតការបោះឆ្នោតគណបក្ស ដែលហៅថា ភ្នាក់ងារគណបក្សបានចុះឈ្មោះនៅតាមឃុំ សង្កាត់ដើម្បីសង្កេតការណ៍ នៅទីនោះ។ ចំណែកអ្នកសង្កេតការណ៍ ចេញពីអង្គការសង្គមស៊ីវិលវិញ ត្រូវចុះឈ្មោះនៅ គ.ជ.ប រាជធានីភ្នំពេញតែម្តងហើយការចុះឈ្មោះសង្កេតការណ៍ ខាងអង្គការសង្គមស៊ីវិល គឺធ្វើឡើងតាមអង្គភាព»៕
ដោយ៖ សុវណ្ណារ៉ា