ក្រសួងកសិកម្ម ៖ «រុក្ខទិវា» បណ្ដុះស្មារតីស្រលាញ់ សាមគ្គីគ្នា ការពារ ថែរក្សាព្រៃឈើ និងដាំដើមឈើ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក។

ព្រះរាជពិធីរុក្ខទិវាត្រូវបានទទួលស្គាល់ជាផ្លូវការ និងបានចែងក្នុងច្បាប់ ស្ដីពីព្រៃឈើឆ្នាំ២០០២  ជំពូកទី១២ មាត្រា៦០ ដើម្បីជំរុញអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ ត្រូវបានហៅថា «រុក្ខទិវា»  ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ 

ក្រសួងកសិកម្មបញ្ជាក់ថា ៖ គិតត្រឹមឆ្នាំ២០២៥នេះ ពិធី «រុក្ខទិវា» បានបង្កើតជាសួន «រុក្ខទិវា» សរុបទំហំ ៤៩២ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍ «រុក្ខទិវា» ក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។ បន្ថែមពីនេះទៀត រដ្ឋបាលព្រៃឈើ មានសមត្ថភាពបណ្តុះកូនឈើ ដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំផងដែរ។ 

សម្រាប់ពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ១៣ ៨៥០ដើម នឹងត្រូវដាំនៅលើទីតាំងដីខ្ពស់ចម្ការលើភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានទំហំ ១០ហិកតា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print