ជនជាតិថៃ ៣នាក់ ត្រូវកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីហិង្សាមួយបានកើតឡើងនៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឱ្យជនរងគ្រោះដួលសន្លប់បាត់បង់ស្មារតី ក្នុងពេលនោះក៏មានក្រុម១ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានមកជួយក្រុមជនសង្ស័យ ដោយវាយមកលើក្រុមជនរងគ្រោះរួចរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យចំនួន០៣នាក់ ត្រូវបានសន្តិសុខប្រចាំនៅទីនោះឃាត់បានសុទ្ធសឹងជាជនជាតិថៃ រួចរាយការណ៍មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់មកឃាត់ខ្លួន ១-ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុសអាយុ២៤ឆ្នាំ,៣-ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE)ភេទប្រុស អាយុ២២ឆ្នាំ ហើយនាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រាជាមួយសង្សាបងធំរបស់ពួកគេ បណ្តាលឱ្យបែកកែវ ទេីបពួកខ្លួនវាយទៅលេីជនរងគ្រោះតែម្តង។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print