ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបាននាំយកទៀនព្រះវស្សានិងទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតទៅប្រគេនដល់វត្តចំនួន១៥១វត្តនិង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញសំរាប់បុណ្យចូលព្រះវស្សាក្នុងន័យចូលរួមពិធីបុណ្យនេះដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
នៅរសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីវេរទៀនព្រះវស្សានិងទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតប្រគេនដល់ព្រះសង្ឃចំនួន១៥១ វត្តនិង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញដែលពិធីនេះបានរៀបចំជាសរុបនៅក្នុងបរិវេណវត្តនាគវ័នក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ជា ស៊ីណា ឃួងស្រេង។
តាមទំនៀមទម្លាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថិរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ពាក្យថា (វស្សា)ប្រែថា(ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែរាប់ពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥កើតខែ កត្តិក។ក្នុងរយៈពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយគេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ច។ តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែដោយមានធុរៈអ្វីមួយ ឬដោយរោគាព្យាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោច ខែស្រាព ហើយត្រូវគិតវស្សាឱ្យគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុនគឺត្រូវចេញវិញនៅថ្ងៃ១រោច ខែកត្តិក។ចំពោះទេយ្យទានដែលត្រូវប្រគេនដល់ព្រះសង្ឃតាមវត្តទាំង១៥១វត្តនិង៥សាលាបុណ្យ គឺក្នុង១វត្តនិង១សាលាបុណ្យមានបច្ច័យ ២០០.០០០រៀល,ទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, សាដកចំនួន១, ស្ករស១បាវ(២៥គីឡូក្រាម), ទឹកដោះគោខាប់១កេស,ទឹកក្រូច៤កេស,ទឹកបរិសុទ្ធ៤កេស, មី៤កេសតូច,ត្រីខកំប៉ុង១កេសស្មើ១០០កំប៉ុង។
ក្នុងឱកាសនោះដែរលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេងបានអញ្ជើញអុជទៀន អុជធូបនៅលើព្រះវិហារសុំសេចក្ដីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាឱកាសចូលព្រះវស្សានេះផងដែរ៕. ដោយ សំរិត