ភ្នំពេញ ៖ លោកសាស្ត្រាចារ្យបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ ត្រូវពិនិត្យមើលឯកសារគតិយុទ្ធ និងច្បាប់ទាំងឡាយដែលចេញជាធរមាន និងអនុវត្តឱ្យមានអនុលោមភាព។ ជាមួយគ្នានេះ ត្រូវធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើមពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់នូវគោលការណ៍រួមមួយក្នុងការអនុវត្តការងារនោះ។
លោកប្រាប់ ទៅ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បី ជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី បានជួប សំណេះ សំណាល ជាមួយ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ ក្នុង ជំនួបខាងលើ លោក ឈាង រ៉ា បានលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណជន និងសហគមន៍។
លើសពីនេះ រដ្ឋមន្រ្តីក្រសួង សុខាភិបាល ក៏ជំរុញឱ្យ គណៈវិជ្ជាជីវៈសុខាភិបាលពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ៕
ដោយ ៖ សិលា