ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅខាងក្រោយភោជនីដ្ឋានថ្មដា ផ្លូវតូចលេខ១៣៤ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា កំពុងមានចម្ងល់ថា ផ្លូវចេញ-ចូល មានទំហំតូចស្រាប់ទៅហើយ បែរជាខាងភោជនីដ្ឋាន បានរៀបចំធ្វើរបង រំលោភធ្វើអោយផ្លូវកាន់តែតូចង្អៀត។ ពលរដ្ឋបានបង្ហាញពីក្តីព្រួយបារម្មណ៍ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ ផ្លូវកាន់តូចចង្អៀត ចំណែកម្ចាស់ហាង ថ្មដា កាន់តែរំលោភផ្លូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ គេមិនដឹងថា ការពង្រីកទីធ្លាខាងក្រោយ ហាងថ្មដា នេះ ធ្វើឡើងដើម្បីអ្វីនោះទេ។ ប្រជាពលរដ្ឋ ក៏សូមសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអភិបាលខណ្ឌ រួមជាមួយលោក អធិការខណ្ឌ៧មករា ផងដែរ មេត្តាជួយចុះពិនិត្យ និងណែនាំដល់ម្ចាស់ភោជនីដ្ឋាន ថ្មដា នេះផង ព្រោះប្រសិនបើ មានករណីណាមួយ កើតឡើងជាយថាហេតុ គឺអាចបង្កជាហនិភ័យខ្លាំងណាស់។ បើទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ នៅតែឆ្ងល់ថា ម្ចាស់ភោជនីយដ្ឋាន ថ្មដា មានសិទ្ធអំណាច ធ្វើរបង រំលោភយក ទីតាំងផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធរបស់ខ្លួនទៅវិញ។ បើតាមការបញ្ជាក់ ពីអាជ្ញាធរខណ្ឌ៧មករា បានអោយដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដានេះថា អាជ្ញាធរបានចុះណែនាំ និងធ្វើកំណត់ហេតុចំនួន២ដងរួចមកហើយ ប៉ុន្តែម្ចាស់ទីតាំងនៅតែបន្តធ្វើរហូត ទាល់តែរួចរាល់។ ម៉្យាងទៀតអាជ្ញាធរនឹងចាត់អោយមន្រ្តីសាលាខណ្ឌ រួមជាមួយមន្រ្តីភូមិបាល ចុះទៅត្រួតពិនិត្យ និងដោះបញ្ហារំលោភផ្លូវសាធារណៈនេះ ជូនប្រជាពលរដ្ឋ៕
ដោយ៖ ជ្រោយពេជ្រ