ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពី ការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគ្រប់បណ្តាញសារព័ត៌មាន មេត្តា ជ្រាបថា នៅក្នុងសម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សា និងសម្រេចជាឯកច្ឆន្ទ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច លេខ 47 COM 8B.14 ។

ការទទួលស្គាល់ជាផ្លូវការ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីការចុះ រមណីយដ្ឋានមរតកប្រវត្តិសាស្ត្រនានាដូចជា រមណីយដ្ឋានអង្គរ (១៩៩២) ប្រាសាទព្រះវិហារ (២០០៨) តំបន់ ប្រាសាទសំបូរព្រៃគុក (២០១៧) និងរមណីយដ្ឋានប្រាសាទកោះកេរ (២០២៣)។ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” គឺជា ទីតាំងប្រវត្តិសាស្ត្រសហសម័យដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកនាយុគសម័យថ្មី។ សមិទ្ធផលទាំងនេះ កើតចេញពីការចូលរួមនៃការថែរក្សាប្រវត្តិសាស្ត្រជាតិរបស់ប្រជាជន កម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការ ដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល តែងតែផ្តល់អាទិភាពខ្ពស់ដល់កិច្ចការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌប្រកបដោយចីរភាព រួមទាំងការការពារសច្ចភាព ប្រវត្តិសាស្ត្រជាតិឱ្យគង់វង្សស្ថិតស្ថេរ។

“បូជនីយដ្ឋានចងចាំនៃកម្ពុជា” រួមមានទីតាំងឧក្រិដ្ឋកម្មចំនួនបី ត្រូវបានចុះបញ្ជី៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

បំណង និងមូលដ្ឋាននៃការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺបង្ហាញពិភពលោក អំពីភាពរឹងមាំនិងប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “វាលពិឃាដ” មកជា “ទឹកដីសន្តិភាព” មានតម្លៃដ៏ ជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ខ្មែរគ្រប់ៗរូប ហើយក៏ជាស្មារតីចងចាំដ៏ថ្លៃថ្លាបំផុតរបស់ពិភពលោក មិនចំពោះតែប្រជាជន កម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះ ក៏ជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ ពីអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ហើយក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រមេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់ប្រជាជាតិនិងប្រជាជនយើង។ ចាប់ពីពេលនេះតទៅ “បូជនីយដ្ឋានចងចាំនៃកម្ពុជា” នឹងក្លាយជាផ្នែកមួយនៃការចងចាំពិភពលោក ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់ កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជាក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជាក្នុងការកសាង សន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងគ្រប់បណ្តាញសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print