ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម ស្វែងយល់ពីការអភិវឌ្ឍ របស់ សហគមន៍ និងបញ្ជ្រាបពីទស្សនាទានសហគមន៍កសិកម្មទំនើប ពិនិត្យលទ្ធភាព របស់សហគមន៍ក្នុងការប្រែក្លាយជាសហគមន៍កសិកម្មកៅស៊ូគ្រួសារទំនើប មានលោករដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារ គោកដូងអង្គរជុំ នៅឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក ប៉ុល សុផា លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ លោក សេក ភក្តី ទីប្រឹក្សាក្រសួងកសិកម្ម លោក ឃុន កក្កដា អគ្គនាយកស្តីទីអគ្គនាយកដ្ឋានកៅស៊ូ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ស្ថិតនៅឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប ។
គោលបំណងនៃកិច្ចសំណេះសំណាលនេះគឺ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ របស់ សហគមន៍ និងបញ្ជ្រាបពីទស្សនាទានសហគមន៍កសិកម្មទំនើប ពិនិត្យលទ្ធភាព របស់សហគមន៍ក្នុងការប្រែក្លាយជាសហគមន៍កសិកម្មកៅស៊ូគ្រួសារទំនើប។ ក្រុមការងារ និងសមាជិកសហគមន៍កៅស៊ូគ្រួសារគោកដូងអង្គរជុំ បានសន្យាថា នឹងជួបគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិតក្នុងដំណើរការការងារនេះ។ បន្ទាប់មកក្រុម ការងារបានបន្តចុះពិនិត្យជាក់ស្តែងចម្ការកៅស៊ូគ្រួសារ និងកន្លែងចិញ្ចឹមឃ្មុំ របស់ សហគមន៍ផងដែរ៕
ដោយ ៖ សិលា