ខេត្តសៀមរាប​ សហគមន៍ទឹកជប់ខ្នារពោធិ៍ ជាជម្រកព្រៃកោងកាងទឹកសាបធំជាងគេនៅកម្ពុជា

ចែករំលែក៖

ខេត្ត​សៀមរាប៖ សហគមន៍ព្រៃឈើ ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប គឺជា​តំ​បន់​អភិរក្សព្រៃកោងកាងទឹកសាប ឬកោងកាងគោកដែលធំជាងគេនៅកម្ពុជា។ តំបន់នេះ មាន​ផ្ទៃដីកោងកាងសរុបប្រមាណ ៩៨ហិកតា ក្នុងចំណោមផ្ទៃដីសរុបរបស់សហគមន៍ទំហំ ១ ០២២ ហិកតា គឺប្រហែល ១០ភាគរយ នៃផ្ទៃដីសរុប។

ខេត្តសៀមរាប ​ត្រូវបានល្បីល្បាញលើសកលលោកថា ជាទីតាំងសម្បូរនៃសំណង់បេតិកភណ្ឌ តែមនុស្សភាគច្រើនមិនសូវបានដឹងឡើយថាខេត្តនេះ ​ជាទីតាំងដ៏សំខាន់នៃធនធាន​ធម្មជាតិដ៏មានតម្លៃមួយ​ដែរ។ ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប ទេសចរ​អាចធ្វើដំណើរទៅទស្សនាតំបន់អេកូទេសចរណ៍សហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលត្រូវបាន​បង្កើតឡើងនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាតំបន់ទេសចរណ៍នៅឆ្នាំ២០១៩។

ការដើរលើស្ពានឈើពត់បែនក្នុងព្រៃកោងកាង ជាបទពិសោធមួយគួរឱ្យចាប់អារម្មណ៍។ នៅ​ទីនេះ អ្នកទេសចរអាចទស្សនាដើមកោងកាងខ្ពស់ៗ ប្រហែលជាង១០ម៉ែត្រ បង្កើតបាន​ជា​ម្លប់ត្រជាក់ ស្ទើរមិនឱ្យពន្លឺថ្ងៃជះប៉ះអ្នកដំណើរ។ ការដើរទស្សនាក្នុងព្រៃនេះ អាច​ចំណាយពេលប្រហែល៣០នាទី ទៅ៤០នាទី។

ក្រៅពីទេសចរណ៍ធម្មជាតិ ទេសចរនៅទីនេះ​ក៏អាចចូលរួមក្នុងសកម្មភាពផ្សេងៗ​ជាមួយ​សហ​គមន៍ ដូចជាការដេរស្លឹកឃុនមារ, ការធ្វើអំបោសផ្អាវ, ការធ្វើអំបោសផ្កាស្មៅ និង​ការ​ដាំកូនឈើ។ អ្វីដែលបន្ថែមចំណាប់អារម្មណ៍ដលើអ្នកទេសចរទៀតនោះគឺ តូបអាហារ និង​ផលិតផលសហគមន៍ ត្រូវបានរៀបចំដើម្បីលក់ផលិតផលកសិកម្ម និងអនុផលព្រៃឈើ​តាមរដូវកាលដែរ៕

...

ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print