រដ្ឋធានីប៉េកាំង៖ លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ (SCO 2025 Digital Economy Seminar) និងទស្សនកិច្ចសិក្សា នៅទីក្រុងធានជីង តបតាមការអញ្ជេីញរបស់សាធារណរដ្ឋប្រជាមានិតចិន មកកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ភាគីកម្ពុជា ក៏មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងអប់រំ យុវជននិងកីឡា, និងក្រសួងពាណិជ្ជកម្ម ផងដែរ។ គួរបញ្ចាក់ថា កម្ពុជាបានក្លាយជាដៃគូសន្ទនានៃវេទិកាសេដ្ឋកិច្ចឌីជីថលនេះតាំងពីឆ្នាំ២០១៥ មកម្លេះ។
វេទិកាសេដ្ឋកិច្ចឌីជីថលនេះ បានរៀបចំឡើង ក្រោមប្រធានបទ “ឱកាសថ្មីក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល” ដោយរដ្ឋបាលទិន្នន័យជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន (National Data Administration of China)។ គោលបំណងនៃការរៀបចំវេទិកានេះឡើងគឺដើម្បីឱ្យតំណាងក្រសួង-ស្ថាប័នមកពីប្រទេសជាសមាជិក សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួមទស្សនកិច្ចសិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ លើអន្តរកម្មតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្តផ្សេងៗទៀត។
ប្រធានបទសំខាន់ដែលបានលើកឡើងក្នុងវេទិកានេះរួមមាន៖
១. ប្រព័ន្ធស្ថាប័នគោលសម្រាប់គ្រប់គ្រងធាតុទិន្នន័យ (Data Elements)
២. នវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ
៣. បរិវត្តកម្មឌីជីថលសម្រាប់ទីក្រុង និងឧស្សាហកម្ម
៤. ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត
៥. បទពិសោធនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅប្រទេសចិន។
ក្នុងឱកាសនោះ លោកអគ្គលេខាធិការរង ត្រូវបានអញ្ជេីញឱ្យឡេីងថ្លែងសុន្ទរកថាក្នុងនាមកម្ពុជា នៅលេីប្រធានបទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល។ លោកអគ្គលេខាធិការរង បានរម្លឹកអំពីវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ ដឹកនាំដោយ លោកប្រធានាធិបតីចិន កាលពីឆ្នាំ២០២៣ ដោយក្នុងនោះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឌីជីថលជាប្រភពនៃកំណេីនថ្មី ដ៏មានសក្តានុពល“ ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។
លោកអគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្ត របស់រាជរដ្ឋាភិបាលកម្ពុជា លេីការជំរុញការធ្វើទំនើបកម្មស្ថាប័ន និងការវិនិយោគលេីការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងការកំណត់ចក្ខុវិស័យ ទិសដៅ និងផែនការសកម្មភាពដ៏រឹងមាំ របស់កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ ។ លោក ក៏បានគូសរំលេច នូវការរៀបចំដាក់ឱ្យដំណើការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗរបស់កម្ពុជា រួមមាន ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ជាដើម។
ក្រៅពីវេទិកាពិភាក្សា គណៈប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចសិក្សាទៅកាន់រោងចក្រសហគ្រាសឧហ្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយចំនួនដែលមានជំនាញក្នុងការបង្កើតគ្រឿងយន្ត និងកម្មវិធីបច្ចេកវិទ្យាផ្តោតលើការបញ្ជូលនូវបញ្ញាសិប្បនិម្មិត ក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងដំណឹងការផលិតកម្មស្វ័យប្រវត្តិប្រកបដោយភាពឆ្លាតវៃផងដែរ៕