យន្តហោះធុនស្រាលបានធ្លាក់ ហើយបានផ្ទុះត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានមួយនៅជិតរដ្ឋធានីឡុងដ៍របស់ចក្រភពអង់គ្លេស ដោយមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសនៅឡើយទេ ។
ប៉ូលិស Essex បាននិយាយថា យន្តហោះដែលមានប្រវែង 12 ម៉ែត្របានធ្លាក់នៅម៉ោង 4 រសៀល ថ្ងៃទី 13 ខែកក្កដា (ម៉ោង 11 យប់ម៉ោងនៅកម្ពុជា) បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន London Southend ក្នុងទីក្រុង Southend-on-Sea ភាគខាងកើតនៃរដ្ឋធានីឡុងដ៍ចក្រភពអង់គ្លេស។ វាមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះដែលធ្លាក់នោះ ឬស្ថានភាពរបស់ពួកគេ។
អាកាសយានដ្ឋាន London Southend បាននិយាយថា វានឹងត្រូវបានបិទដោយសារតែឧបទ្ទវហេតុធ្ងន់ធ្ងរមួយ រហូតដល់មានការជូនដំណឹងបន្ថែម ដោយណែនាំអ្នកដំណើរដែលគ្រោងនឹងធ្វើដំណើរទៅ និងមកពីអាកាសយានដ្ឋាន ដើម្បីទាក់ទងក្រុមហ៊ុនអាកាសចរណ៍សម្រាប់ព័ត៌មានបន្ថែម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស យន្តហោះដែលធ្លាក់នោះ គឺជាយន្តហោះ Beechcraft B200 Super King Air បំពាក់ដោយប្រព័ន្ធវេជ្ជសាស្ត្រ ដើម្បីដឹកជញ្ជូនអ្នកជំងឺ។ គេហទំព័រតាមដានអាកាសចរណ៍ស៊ីវិល Flightradar24 បាននិយាយថា យន្តហោះមានទិសដៅទៅដល់ Lelystad ប្រទេសហូឡង់។
Beechcraft B200 គឺជាយន្តហោះពហុគោលបំណងដែលផលិតតាំងពីឆ្នាំ 1974។ យន្តហោះនេះត្រូវបានបំពាក់ដោយម៉ាស៊ីន turboprop ចំនួនពីរ ដែលមានល្បឿនអតិបរមាលើសពី 570 គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងចម្ងាយជិត 3,200 គីឡូម៉ែត្រ៕ ដោយធីរីណា
រូបថត: skynews