សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

– សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចង់ចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម។

-សម្តេចធិបតី ថ្លែងថា​ យើងឃើញសមិទ្ធផលនៅទីនេះ នៅថ្ងៃនេះ គឺជាការអស្ចារ្យ ប៉ុន្ដែបើយើងបានឃើញទីនេះ កាលពីដំណាក់កាលកសាងដំបូងប្រមាណ ១៥ឆ្នាំមុន គឺរឹតតែអស់អស្ចារ្យថែមទៀត ខណៈការកសាងទីនេះគឺមិនអាចកសាងឡើងបានដោយគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ។

– សម្តេចធិបតី​ ថ្លែងថា​ ប្រទេសកម្ពុជា ធ្លាប់ទទួលរងការឈ្លានពានពីបរទេស និងរបបប្រល័យពូជសាសន៍ និងការលំបាក់ច្រើនមកហើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្នកម្ពុជាកម្ពុជាបានងើបឡើងវិញស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនានា។ ដូច្នេះកម្ពុជាចង់បានបំផុតគឺសន្ដិភាព មិនចង់មានជម្លោះជាមួយប្រទេសជិតខាងណាមួយឡើយ ប៉ុន្ដែគួរឱ្យសោកស្ដាយកាលពីថ្ងៃទី២៨ខែឧសភាកន្លងទៅប្រទេសថៃ បានឈ្លានពានលបលួចបាញ់ប្រហារយោធិនកម្ពុជាបណ្ដាលឱ្យបាត់បង់ជីវិត។

-សម្តេចធិបតី ថ្លែង​បន្តបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។

– សម្តេចធិបតី​ ថ្លែងថា​ ថ្មីៗការប្រកាសជាឯកតោភាគីដោយមេដឹកនាំនយោបាយ និងកងទ័ពមួយថៃថា ប្រាសាទតាមាន់ធំនេះមិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយ ដោយប្រើប្រាស់ផែនទីគូសដោយឯកតោភាគី រហូតទៅឈ្លោះជាមួយក្រុមហ៊ុនហ្គូហ្គលថែមទៀត គឺបានជាការប្រកាសជាផ្លូវការដោយឯកតោភគីរបស់ថៃ នៅទីតាំងតំបន់ជម្លោះទៅហើយ ដូច្នេះដើម្បីដោះស្រាយបញ្ហាគឺមានតែរកតួអង្គទី៣ គឺតុលាការអន្តរជាតិ។

– ទាក់ទងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ សម្តេចធិបតី ថ្លែងថា​ កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ។

– សម្តេចធិបតី ថ្លែង​បញ្ជាក់ជាថ្មីថា កម្ពុជាមានបីលក្ខខណ្ឌ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ទីមួយ ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី, ពីរ ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងបី បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។

– សម្តេចធិបតី​ ប្រាប់ទៅភាគីថៃឱ្យគោរពសិទ្ធ កិច្ចព្រមព្រៀង និងបូរណភាពទឹកដីជាមួយគ្នា បញ្ឈប់ការបង្កហានិភ័យ និងជ្រៀតចូលមកតំបន់ព្រំដែនទីតាំងដែលថ្មី នាំឱ្យបង្កកម្ដៅកាន់តែខ្លាំង។

– សម្តេចធិបតី​ ថ្លែងថា​ ការធ្វើទំនើបកម្មវិស័យកងទ័ពមានបីយ៉ាង គឺទីមួយការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, ទីពីរ ទំនើបកម្មការកសាងធនធានមនុស្ស និងទីបីការធ្វើទំនើបកម្មគ្រឿងបំពាក់, ឧបករណ៍បំពាក់។

– សម្តេចធិបតី ថ្លែងថា​ ការកសាង និងធ្វើទំនើបកម្ម វិស័យយោធារបស់កម្ពុជា គឺមិនមែនដើម្បីទៅវាយយកទឹកដីនរណាទេ ប៉ុន្ដែដើម្បីការពារជាតិ និងបូរណភាពទឹកដីរបស់យើងពីការឈ្លានពានរបស់បរទេស។

-សម្តេចធិបតី​ ថ្លែងថា​ បច្ចុប្បន្ន នៅលើពិភពលោក គេមិនសូវបារម្ភពីការប្រើប្រាស់កងទ័ព ដើម្បីធ្វើសង្គ្រាមទេ ប៉ុន្ដែគេបារម្ភការប្រើមធ្យោបាយកូនកាត់ ឬចម្រុះ ដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន ក្រុមអនាមិក វាយលុកចូលប្រព័ន្ធបច្ចេកវិទ្យា វ៉េបសាយ និងបង្កើតព័ត៌មានក្លែងក្លាយជាដើម។

– សម្តេចធិបតី​ ថ្លែង​ប្រាប់ឱ្យក្រសួងការពារជាតិ, អគ្គមេបញ្ជាការពិនិត្យមើលផងដែរ លើការជំរុញក្រុមស្រាវជ្រាវ និងទំនើបកម្ម លើទីចាត់ការហ្វឹកហ្វឺនកងទ័ព ខណៈបច្ចុប្បន្នបច្ចេកវិទ្យានៅលើពិភពលោក មានការទំនើប និងជឿនលឿនណាស់។

– សម្តេចធិបតី​ ណែនាំ​ឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការពិនិត្យមើល គោលការណ៍ពង្រឹងការជ្រើសរើសយោធាចារ្យថ្មី ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់ ជ្រើសរើសយកយោធាចារ្យដែលច្បាស់លាស់។

-ឆ្លងកាត់បទពិសោធ ការគំរាមកំហែងពីអតីតកាល នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ អធិបតេយ្យភាពជាតិ។ សម្ដេចធិបតី ក៏អះអាងថា កម្ពុជា នឹងបន្ថែមកញ្ចប់ថវិកា ដើម្បីធ្វើទំនើបកម្មលើវិស័យការពារជាតិបន្ថែមទៀត។

– សម្តេចធិបតី​ ថ្លែងបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា សម្ដេចបានបញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់ចំនួនពីរ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ, ការធ្វើវិសធោធនកម្មនេះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់។ ទីពីរ ការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា។

– សម្តេចធិបតី​ ថ្លែងថា​ តាមរយៈការធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ច និងច្បាប់សោធន របស់យោធានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជាកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ព។

– សម្តេចធិបតី​ ថ្លែងបញ្ជាក់ជាថ្មីថា ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ ធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា ហើយការពង្រឹងវិស័យការពារជាតិនេះ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់មិនឈប់នោះទេ។

នាឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ សៅ សុខា​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានឱ្យដឹងថា​ កងរាជអាវុធហត្ថជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទកងរាជអាវុធហត្ថ បានអប់រំដល់យោធិនជាកងរាជអាវុធហត្ថឱ្យស្មោះត្រង់ ជាតិសាសនាព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត និងបណ្ដុះបណ្ដាលឲ្យយោធិនមានសមត្ថភាពជំនាញច្បាស់លាស់ ដើម្បីការពារជាតិមាតុភូមិ ។

នាយឧត្តមសេនីយ៍​ សៅ សុខា​ បានឱ្យដឹងទៀតថា​ ចំពោះការងារគោលនយោបាយតាមរយៈមូលនិធិមហាគ្រួសារកងរាជវុធហត្ថ បានចូលរួមដោះស្រាយការលំបាកដល់គ្រួសារយោធិន មានការលំបាក និងពលី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា​ កងរាជអាវុធហត្ថដែលគ្រប់គ្រងដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ កងរាជអាវុធហត្ថជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា​ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ចាប់តាំងពីបង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្តុះបណ្តាល ធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំងអនុវត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់, រួម ចំណែកកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ, និងបានជួយប្រជាជននៅពេលដែលជួបគ្រោះ មហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថា ការងារបង្ក្រាបបទ ល្មើសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ ជំរិតទារប្រាក់, ករណីផលិតនិងចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អាណាធិបតេយ្យ, ករណីប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើសធនធានធម្មជាតិ,បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់ ។ល។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ចំពោះការកសាងធនធានមនុស្សក្នុងកងរាជអាវុធហត្ថ៖ ទី១- មានគុណភាព ក្រមសីលធម៌ ស្មារតីស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាល ការពារប្រជាជន ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងខឿនសន្តិសុខ។ ទី២- ផ្តល់ឱ្យយោធិននៃកងរាជអាវុធហត្ថ មានភាពស្ទាត់ជំនាញផ្នែក វិជ្ជាជីវៈ។ និងទី៣- ឱ្យចេះគ្រប់គ្រង ប្រើប្រាស់ ថែទាំមធ្យោបាយ យុទ្ធោឧបករណ៍ គ្រឿងបំពាក់។

...

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ការងារគោលនយោបាយ កងរាជអាវុធហត្ថបានដោះស្រាយទុក្ខលំបាកដល់យោធិននៃកងរាជអាវុធហត្ថ អតីតយោធិន និងគ្រួសារអាវុធហត្ថតាមរយៈមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ គឺកសាងបានធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង មានគោលជំហរហ្នឹងហ្មរត្រឹមត្រូវ ច្បាស់លាស់ ស្មោះត្រង់ ជឿជាក់ដើរតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print