សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)”

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា៖ ការបង្កើត កងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, ទប់ស្កាត់បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងសហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ បើសិនជាគ្មានការពុះពារ គ្មានការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ទីនេះមិនអាចប្រែក្លាយពីកន្លែងទីវាល ទៅ ជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំដោះស្រាយការវាស់វែង ការធ្វើឱ្យច្បាស់លាស់ នូវបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង គឺកម្ពុជាប្រកាន់ជំហរដូចតទៅ ៖ ១) កម្ពុជាប្រកាន់នូវ គោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ រួមទាំង ប្រទេសថៃ, ២) កម្ពុជាបន្តសហការជាមួយប្រទេសថៃ នៅក្នុងការវាស់វែង ជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដែលអនុលោមតាម កិច្ចព្រមព្រៀងជាធរមានរួមទាំង MOU ២០០០ ដែលអនុវត្តដោយ JBC លើកលែងតែតំបន់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ដែលកម្ពុជាសម្រេចយកទៅ តុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ,ទី៣) កម្ពុជាសម្រេចយកតំបន់ទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ព្រោះយើងយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួចទេ។ ផ្ទុយទៅវិញ វានឹងនៅជាប់គាំងរយៈពេលវែង ហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធមិនចេះចប់មិនចេះហើយ ដូចកាលពីឆ្នាំ២០០៨ ២០១១។ បើសិនជាមិនមាន ដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ហើយបញ្ចប់ចំណុចវិវាទ និងបញ្ហា សាំញ៉ាំនេះឱ្យចប់សព្វគ្រប់នោះទេ យើងនឹងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចគ្នា និងការប្រឈម មុខគ្នាមិនត្រឹមកងទ័ពនិងកងទ័ពទេ សូម្បីតែប្រជាជននៅតំបន់ទាំងនោះរាប់សិបទសវត្សរ៍តទៅទៀតនិង៤) កម្ពុជាប្រើយន្តការបច្ចេកទេស ច្បាប់ បទដ្ឋានគតិយុត្តិទាំងជាតិ និងអន្តរជាតិដើម្បីដោះស្រាយ ជៀសវាងនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលមិនចាំបាច់ ប៉ុន្តែ កម្ពុជាត្រូវរក្សាសិទ្ធិគ្រប់មធ្យោបាយ ទាំងអស់នៅក្នុងការការពារខ្លួនរួមទាំងកងកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពាន។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានថ្លែងបញ្ជាក់បន្ថែមអំពីការបើកច្រកព្រំដែន និង ការកែសម្រួល កងទ័ព (អង្គភាពដែលមិននៅតាមព្រំដែន) រវាងកម្ពុជា-ថៃ ថាជារឿងសាមញ្ញបំផុត។ កម្ពុជាចង់បាន នូវការទុកចិត្ត និងភាពជឿជាក់មួយច្បាស់លាស់។ ចំពោះការបើកច្រកព្រំដែន ត្រូវផ្អែកលើលក្ខខណ្ឌបី រួមមាន ៖ ១/ ប្រកាសបើកច្រកព្រំដែនមុន ជាឯកតោភាគី និងប្រកាសថានឹងមិនមានការបិទជាឯកតោ ភាគីទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និង៣/ ត្រូវបើកច្រកព្រំដែនឱ្យដូចស្ថានភាពមុនថ្ងៃ៧ មិថុនា ។ កម្ពុជានឹងបើកដំណើរការឡើងវិញ ដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។ ចំពោះការកែសម្រួលកងទ័ព សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គឺត្រូវបង្កើតឱ្យមានការទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកក្នុង ការដោះស្រាយ បញ្ហា។ ក្នុងន័យនេះ ការចចារក្នុងការកែសម្រួលកងទ័ព អាចកើតមានឡើងបាន ក្រោយពេល ច្រកព្រំដែនទាំងអស់ត្រូវបើកឱ្យមានប្រក្រតីភាពឡើងវិញដូចមុនថ្ងៃ៧ មិថុនា ។

...

មុននឹងបញ្ចប់, សម្តេចបរវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីឱ្យមានប្រសិទ្ធភាព និងគុណភាព ក្នុងការអភិវឌ្ឍ និងពង្រឹងកងកម្លាំង ត្រូវឈរលើការធ្វើទំនើបកម្មកងទ័ព ចំនួន ៣យ៉ាង គឺ៖ ១/ ទំនើបកម្មរចនាសម្ព័ន្ធ គឺត្រូវធ្វើឱ្យចំគោលដៅក្នុងការការពារជាតិ ការពារទឹកដី, និងត្រូវធ្វើ បច្ចុប្បន្នភាពកម្លាំងស្របតាមបច្ចេកវិទ្យា ដើម្បីឱ្យស្របតាមតួនាទី និងភារកិច្ច, ២/ ទំនើបកម្ម ធនធានមនុស្ស គឺការហ្វឹកហ្វឺនដោយត្រូវពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺន និង ៣/ ទំនើបកម្ម សមត្ថភាពគ្រឿងបំពាក់។ ក្នុងស្មារតីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ មួយចំនួនដូចជា៖ ១/ គាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែក ឱ្យក្លាយជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ, ២/ ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ ប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍជនបទ ក្នុងការសិក្សា និងដំណើរការ, ៣/ កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅ អភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាព, ៤/ ត្រូវខិតខំថែរក្សាសំណង់ ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់ថ្មី តាមតម្រូវការ និងបច្ចេកទេស, ៥/ ត្រូវសហការ ជាមួយក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ៦/ ត្រូវតែជាកងកម្លាំងដ៏មានវិជ្ជាជីខ្ពស់ដែលដាច់ខាត ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និង៧/ ខិតខំបន្តស្មារតីតស៊ូអត់ធន់ យកចិត្តទុកដាក់ លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណង ប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ៕ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print