ភ្នំពេញ៖ រថយន្ដស៊េរីទំនើប០២ គ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបី បណ្ដាលអោយខូចខាតទាំងសងខាង ស្របពេលមេឃកំពុងភ្លៀងក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៥ ស្ថិតបណ្ដោយផ្លូវអភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានរថយន្ដចិនស៊េរីទំនើប០១គ្រឿងពណ៌ខ្មៅ បើកបរដោយបុរស៣នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនគួរសម លុះធ្វើដំណើរដល់ចំណុចផ្លូវបំបែកជាបី ក៏ស្រាប់តែមានរថយន្ដឡិចសុីស NX 300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY- 6791 បើកបរដោយបុរសម្នាក់រួមនិងនារីម្នាក់ តាមធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ស្របពេលមេឃកំពុងភ្លៀងផងក៏ទៅបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាងធ្វើអោយរថយន្ដចិនធ្លាក់កោងមុខខូចខាតធ្ងន់ធ្ងរ ចំណែករថយន្ដឡិចសុីសNX 300 ខូចខាតផ្នែកពីចំហៀងខាងស្ដាំផងដែរ ។ តែសំណាងល្អក្នុងហេតុការណ៍នេះគ្មានអ្នករងរបួសឡើយ ។
ក្រោយពេលកើតហេតុភាគីទាំង០២ មិនបានរំខានដល់សមត្ថកិច្ចឡើយ បានយករថយន្ដរបស់ខ្លួនមកអែបខាងដើម្បីកុំអោយស្ទះចរាចរណ៍ និងធ្វើការដោះស្រាយគ្នាបព្ចាប់នៅនិងកន្លែងកើតហេតុ ៕ដោយ ៖ ភារ៉ា ដង្កោ