ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធទិវាបុណ្យជាតិបារាំងថ្ងៃ ១៤ កក្កដា គឺជាព្រឹត្តិការណ៍ដែលត្រូវបានយកចិត្តទុកដាក់និងគោរព យ៉ាងខ្ពង់ខ្ពស់ ដោយប្រទេសទាំងអស់នៅក្នុងពិភពលោក ដែលនិយមសេរីភាព ប្រជាធិបតេយ្យ និងការគោរព ច្បាប់អន្តរជាតិ ។
នៅខណៈពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន ប្រទេស កម្ពុជាដឹងថាអាចទុកចិត្តលើការគាំទ្រពីប្រទេសបារាំង និងស្ថាប័នរបស់ខ្លួន ចំពោះបណ្ដឹងទៅស្ថាប័នតុលាការ យុត្តិធម៌អន្តរជាតិខ្ពស់បំផុតក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីរបស់ខ្លួន។
ឆ្នាំ២០២៦ នឹងជាឆ្នាំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា និងជាឱកាសអបអរសារទរ និងលើកស្ទួយ ទំនាក់ទំនងពហុភាគី រវាងសភាប្រទេសនិយាយភាសាបារាំង។
បញ្ហាដ៏គ្រោះថ្នាក់ជាច្រើនដែលបានកើតឡើងនៅក្នុងពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ មិន បានអនុញ្ញាតឱ្យបំណងប្រាថ្នារួមរបស់យើងក្នុងការជួបពិភាក្សាគ្នានៅភ្នំពេញ អាចធ្វើទៅបាន។ ខ្ញុំជឿជាក់យ៉ាង មុតមាំថានឹងអាចទទួលស្វាគមន៍ លោកប្រធាន នៅកម្ពុជា នៅឆ្នាំ២០២៦។ ប្រទេសយើងទាំងពីរ នឹងតំឡើង ទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ហើយវាក៏ជាពេលវេលាដ៏សមស្របក្នុងការពិចារណារួមគ្នា និង វាយតម្លៃសាជាថ្មីនូវទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីររបស់យើង។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមន្សរីករាយ គោរពជូន លោកប្រធាន នូវការ អបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ និង សង្ឃឹមថាមានកិត្តិយសទទួលបដិសណ្ឋារកិច្ច លោកប្រធាន នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦ខាងមុខនេះ។
សូម លោកប្រធាន ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕