ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅបរិវេណវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ស្ថិតក្នុងភូមិប្រសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ថ្លែងនៅក្នុងកម្មវិធីដែលមានការចូលរួមពីប្រជាពលរដ្ឋជាង៦ពាន់នាក់ ប្រមុខក្រសួងមហាផ្ទៃ បាននាំយកនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកយាយ លោកតា បងប្អូន និងក្មួយៗទាំងអស់ និងបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាតិទាំងជំនាន់មុននិងបន្តមកដល់បច្ចុប្បន្នតែងតែតម្កល់នូវសេចក្ដីសុខរបស់ប្រជាពលរដ្ឋជាធំ ទន្ទឹមគ្នានឹងកិច្ចការពារសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អស់លោក លោកស្រី ក្រុមការងារ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធាន ពេលវេលា និងកម្លាំងកាយចិត្ត រៀបចំឱ្យមានកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាឱកាសដ៏វិសេសវិសាលនេះ។ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្របែក ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំពង់ត្របែកនេះ។
លោកអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិសន្តិបណ្ឌិត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល និងតាមរយៈការវិនិយោគពីវិស័យឯកជន វិស័យសុខាភិបាល នៅក្នុងខេត្តព្រៃវែង នឹងកាន់តែមានវឌ្ឍនភាពបន្ថែមទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ទាំងទៅលើផ្នែកសេវាកម្ម និងគុណភាព។
យោងតាមរបាយការណ៍លោក សេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក ដោយឥតគិតថ្លៃនាពេលនេះ មានគ្រូពេទ្យសរុបចំនួន ៤៩១នាក់ ដោយពិនិត្យ និងព្យាបាលជំងឺទូទៅ មានដូចជា អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺដង្កូវព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក វាស់ភ្នែក ចែកវ៉ែនតា សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោម ពិនិត្យអេកូសាស្ត្រ វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម៕
ដោយ ៖ សិលា