ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសហប្រជាជាតិ ឯកភាពបន្តលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅរសៀល​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលម្សិលមិញនេះ​ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការបង្កើតក្រុមការងារបច្ចេកទេសនៃ «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយរដ្ឋជាសមាជិកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជួយពង្រឹងការអនុវត្តសកម្មភាពទៅតាមទិសដៅអាទិភាពរបស់ប្រទេសនីមួយៗ ដែលក្នុងនោះរួមមានការផ្តោតសំខាន់ក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង ការដាក់បុគ្គលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ (Formalization) ការងារសមរម្យសម្រាប់យុវជន (Decent Works for Youth) សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ហេង សួរ បានបង្ហាញក្តីរីករាយ ដែលភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដៃគូរអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកម្ពុជាសម្រេចបានការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

ទន្ទឹមនឹងនេះ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការបន្តគាំទ្រយន្តការលើកកម្ពស់ការងារសមរម្យ និងការគាំពារសង្គមដើម្បីកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print