ប្រទេសចិន៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា អ្នកសារព័ត៌មានបរទេស១០០នាក់មកពីបណ្ដាប្រទេសជាសមាជិកនៃគំនិតផ្តួចផ្ដើមវិថី និងផ្លូវ និងអ្នកសារព័ត៌មានរបស់ប្រទេសចិនប្រមាណ១០០រូបផ្សេងទៀតនឹងត្រូវជួបជុំគ្នាពេញមួយសប្ដាហ៍នេះនៅក្នុងវេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ ឆ្នាំ២០២៥ នៅក្នុងខេត្តជាំងស៊ី។
វេទិកាអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ (Belt and Road Journalists Forum) គឺជាវេទិកាដ៏ធំប្រចាំឆ្នាំរបស់បណ្ដាញអ្នកសារព័ត៌មានផ្លូវនិងខ្សែក្រវាត់ (Belt and Road Journalists Network) ដែលផ្ដួចផ្ដើមគំនិតរួមគ្នាដោយសមាគមអ្នកសារព័ត៌មានចិន និងបណ្ដាសមាគមអ្នកសារព័ត៌មានមកពីប្រទេស ដែលជាសមាជិកនៃគំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ (BRI)របស់លោកប្រធានាធិបតី ស៊ី ជីនពីង។
វេទិកានេះត្រូវបានរៀបចំឡើងចំនួន៧លើករួចមកហើយតាំងពីឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០២៥នេះ អ្នកសារព័ត៌មាននៃបណ្ដាប្រទេសសមាជិក BRI ទាំងនោះនឹងជួបជុំនៅក្នុងខេត្តជាំងស៊ីនៃប្រទេសចិនដើម្បីស្វែងយល់អំពីវប្បធម៌ និងសក្ដានុពលរបស់ខេត្តនេះផង និងដើម្បីពិភាក្សាគ្នាអំពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និងទំនើបភាវូបនីយកកម្មសកល។
ពីប្រទេសកម្ពុជា លោក ពុយ គា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិនៃក្លិបអ្នកកាសែតកម្ពុជា និងជាសហស្ថាបនិកនៃសារព័ត៌មានឌីជីថលថ្មីត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងវេទិកានេះផងដែរ៕