ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែកក្កដា នេះបានបង្ហោះលើផេកផ្លូវការថា ៖ ក្រោយពីសារជាបន្តបន្ទាប់របស់សម្ដេចតេជោធិបតី(សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត) បង្ហាញជំហររឿងថៃចង់បិទ ឬធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំមក មេបញ្ជាការយោធភូមិភាគ២ថៃ បានប្រកាសគ្រលាស់ខ្លួនបន្ទន់ឥរិយាបថជាមួយកម្ពុជាក្នុងន័យថា យោធាថៃនឹងធ្វើរបងព័ទ្ធពេលមានបញ្ជាពីរដ្ឋាភិបាល និងក្រសួងវប្បធម៌ដែលដឹកនាំដោយគណបក្សភឿថៃ ដែលជាកម្មសិទ្ធិលោកថាក់ស៊ីន។ កាសែតបាងកកប៉ុស្តិ៍របស់ថៃ ចេញផ្សាយថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំនេះថា ឧត្តមសេនីយ៍ទោ Boonsin Padklang មេបញ្ជាការយោធភូមិភាគ២ថៃ ឱ្យដឹងថា «កងទ័ពថៃនឹងធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំនៅពេលណាមានបញ្ជារបស់រដ្ឋាភិបាល និង ក្រសួងវប្បធម៌វិចិត្រសិល្បៈរបស់ថៃ»។
តាមការសែតនេះដដែល មេបញ្ជាការយោធភូមិ២រូបនេះ បានអះអាងថា «ប៉ុន្តែសភាពការណ៍បច្ចុប្បន្ននៅទីនោះមានស្ថិរភាពទេ ហើយទំនាក់ទំនងថ្នាក់មូលដ្ឋាននៅមានជាប្រក្រតី»។ ទន្ទឹមនេះ ករណីអតីតទាហានថៃ និងអ្នកទេសចរណ៍ថៃវាយលើយោធាកម្ពុជាវិញ ក៏លោក Boonsin Padklang បញ្ជាក់ដែរថា «អ្នកប្រព្រឹត្តត្រូវបានចាត់វិធានការផ្លូវច្បាប់ហើយ»។ លោកដែលធ្លាប់តែពើងទ្រូង ពេលនេះចាប់បន្ទាបខ្លួនសម្រួលពាក្យសម្ដីថ្នមសភាការណ៍បណ្ដើរៗជាមួយកម្ពុជានោះ បានសង្កត់ធ្ងន់ថា «អាជ្ញាធរថៃក៏បានធ្វើការសូមទោសអាជ្ញាធរកម្ពុជាហើយផងដែរ»។
លោកបណ្ឌិតលើកថា ៖ តាមខ្លឹមសារចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍របស់ថៃខាងលើនេះ យើងអាចនិយាយបានថា យោធាចាប់ផ្ដើមរុញទូកបណ្ដោយទឹក ទម្លាក់គ្រោះលើរដ្ឋាភិបាល ដឹកនាំដោយក្រុមលោកថាក់ស៊ីន ជាពិសេស ក្រសួងវប្បធម៌ថៃ ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីព្យួរតំណែង ធ្លាក់កាន់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺ ផែថងថាន ឱ្យទទួលខុសត្រូវម្នាក់ឯង។ នេះក៏អាចចាត់ថា ជាសញ្ញាណដែលយោធាចង់ឆ្លើយតបមកកម្ពុជាដែរថា ការគម្រាមបិទឬធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ មិនមែនយោធាទេ ព្រោះកន្លងទៅ ផែថងថាន តែងនិយាយបែបគម្រាមជុំវិញវិធានការលើប្រាសាទតាមាន់ធំនេះជារឿយៗ និងជាក់ស្ដែងបានប្រកាសផ្អាកមិនបញ្ជូនវត្ថុបុរាណរបស់កម្ពុជា មកឱ្យកម្ពុជាវិញតាមការសន្យារបស់ខ្លួន កាលនៅជានាយករដ្ឋមន្ត្រី ដោយយកលេសថាបញ្ហាថវិកា តែត្រូវក្រសួងវប្បធម៌កម្ពុជាសកទៅវិញបាត់មាត់ដូចគេចុក។ បន្ថែមពីនេះ ការបើកច្រកទ្វារព្រំដែនឱ្យដូចដើមវិញ ក៏អាចនិយាយបានថា យោធាព្យាយាមរុញការសម្រេចចិត្តនេះទៅគណបក្សដឹកនាំរដ្ឋាភិបាលដែរ ព្រោះថា ដើមឡើយរដ្ឋាភិបាលជាអ្នកប្រគល់សិទ្ធិឱ្យខាងយោធា ដែលពេលនេះយោធាអាចបកស្រាយថា ខ្លួនគ្រាន់តែធ្វើតាមរដ្ឋាភិបាលបើកភ្លើងខៀវប៉ុណ្ណោះទេ។ ជាសត្យានុម័ត ផែថងថាន តែងដឹកនាំក្រុមគ្រួសារបក្ស ចុះទៅភូមិភាគ២ជាញឹកញាប់ដែរ។ មកដល់ចំណុចនេះ ក៏ស្របនឹងសាររបស់លោកថាក់ស៊ីនដែលឈរពីក្រោយបក្សភឿថៃទាំងខ្លួនគ្មានសិទ្ធិនយោបាយ ផ្ដល់កិច្ចសម្ភាសដល់សារព័ត៌មានថៃដែរថា«នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះ គឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាង គឺអ្នកនោះឈ្នះ!»។ ក៏ដូចគ្នា គឺស្របនឹងការបកត្រឡប់របស់សម្ដេចតេជោ ហ៊ុន សែន ដែរថា បើថាក់ស៊ីននិយាយបែបនេះ គេអាចយល់បានថា«មេក្លោងនៅពីក្រោយការបិទព្រំដែន គឺ លោក ថាក់ស៊ីន នេះឯង»។ ម្យ៉ាងខាងយោធាក៏ទំនងជាកុំឱ្យសាធារណមតិជាតិ អន្តរជាតិ ពិភពលោក ចេះតែមើលឃើញថា យោធាថៃ មានចរិតកោងកាច ល្មោបសង្គ្រាម ពាលព្រៃផ្សៃ បង្កើតហេតុការណ៍ ដើម្បីទាញប្រជាប្រិយ៍ភាព ដើម្បីឈានទៅកាន់មុខតំណែងនេះនោះ ដូចការវិភាគនិងខ្សឹបខ្សៀវទាំងផ្ទៃក្នុងនិងសាធារណមតិអន្តរជាតិព្រោងព្រាត។
លោកបណ្ឌិតខោកថា ៖ និយាយមួយម៉ាត់ទៀត ក៏ដោយសារខាងយោធាឆ្អែតចិត្តនឹងការប្រមាថរបស់ ផែថងថាន កាលក្នុងតួនាទីជានាយករដ្ឋមន្ត្រី បានវាយប្រហារប្រមាថយោធា ពិសេសមេភូមិភាគ២តែម្ដង នៅចំពោះមុខថ្នាក់ដឹកនាំកម្ពុជា។ អ៊ីចឹងហើយ បានជាប្រហែលជាខាងយោធា អាចចាប់ផ្ដើមយល់ពីកម្ពុជាបន្តិចម្ដងៗ និងចេះស្ដាប់ភាសាខ្មែរបណ្ដើរៗ ថាខ្មែរមិនមែនជាអ្នកផ្ដើមបិទច្រកព្រំដែនទេ ខ្មែរចង់បានព្រំដែនអភិវឌ្ឍន៍ ពិសេសសន្តិភាព រវាងកងកម្លាំងប្រដាប់អាវុធនិងកងកម្លាំងប្រដាប់អាវុធ រវាងប្រទេសនិងប្រទេស ហើយក៏ក្នុងចេតនាខាងយោធា ដើម្បីស្ដារមុខមាត់ឡើងវិញ ស្របនឹងប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកដោយស្ម័គ្រចិត្ត សួរសុខទុក្ខយោធា និងនគរបាលជាតិតាមព្រំដែនថា «គ្មានទំនាក់ទំនងកម្ពុជាថៃណាល្អជាងទំនាក់នងកាលលោក ប្រាយុត ចាន់អូចា ដែលក្រុមយោធាធ្វើជានាយករដ្ឋមន្ត្រីនោះឡើយ»។ យើងសង្ឃឹមថា វាពិតជាបែបនេះមែនទៅចុះ ហើយយើងរង់ចាំនាយករដ្ឋមន្ត្រីថ្មី ដែលមានសិទ្ធិអំណាចពិតប្រាកដ ដើម្បីបន្តនីតិវិធីជាមួយកម្ពុជាដោយសន្តិវិធី ទាំងទ្វេរភាគី និងតាមថ្នាលតុលាការយុត្តិធម៌អន្តរជាតិ«ICJ» ជាគ្រឹះនៃប្រទេសទាំងពីរមានសុខសន្តិភាពនិងអភិវឌ្ឍន៍ព្រមៗគ្នា៕
ដោយ ៖ សិលា