ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យ ចៅសង្កាត់ មេភូមិ ត្រូវមានវិធានការក្ដៅ ចំពោះឡានដឹកខ្សាច់ ដឹកដី ដែលធ្វើឱ្យខូចផ្លូវ និងប្រឡាក់ផ្លូវ ត្រូវចាប់រថយន្ដនោះ ឱ្យជួសជុលសង់ឡើងវិញភ្លាម និងលាងសម្អាតផ្លូវឱ្យបានស្អាតឡើងវិញផងដែរ ។ លោក ឃួង ស្រេង បានបញ្ជាបែបនេះ ខណៈលោកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅរសៀលថ្ងៃពុធទី១៦ ខែកក្ដដា ឆ្នាំ២០២៥ ។
លោកបានបញ្ជាក់ថា៖ ប្រធានភូមិ ចៅសង្កាត់ បើចង់បំរើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផងថាតើ យើងទៅបំរើពួកគាត់យ៉ាងម៉េចកើត។ ប្រធានភូមិ និងលោកចៅសង្កាត់ ត្រូវចុះ ពិនិត្យជាប្រចាំ និងមានវិធានការក្ដៅ ចំពោះឡានដឹកខ្សាច់ ដឹកដី យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវ ត្រូវតែលាងសំអាតឱ្យបានស្អាតសងវិញ ។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៩ និងលោកចៅសង្កាត់ ស្ទឹងមានជ័យទី៣ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជារាជធានីភ្នំពេញដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជា ច្រើននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការកសាង លូ ប្រឡាយមេ រំដោះទឹក និងផ្លូវជាដើម។
លោក ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះ សមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូតក្នុងការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៌ប្រទេសឱ្យកាន់តែរីកចំរើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ឆតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កូនកើតមកមានប្រាក់ខែដែលនេះជាក្តីស្រមៃ របស់ប្រជាជននៅលើពិភពលោក។ តែប្រទេសក្បែរខាងយើង គេមិនសប្បាយចិត្តជាមួយយើងអភិវឌ្ឍន៌ប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០នោះទេ ពួកគេតែងជំទាស់ជានិច្ច។តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំហើយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យបានដាច់ខាត។ សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ ៕ ដោយ សំរិត