ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត សរុបចំនួន២នាក់ក្នុងចំណោម៣នាក់ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ប្លន់)២ករណីកន្លែងផ្សេងគ្នា នៅស្រុកកំពង់រោទិ៍។
យោងតាមលោកហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍បានអោយដឹងនាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះសុខ ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រៃប្រឺស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង យកមកសាកសួរ។
លោកអធិការបន្ថែមថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៥៥នាទីល្ងាច សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បានធ្វើការស្រាវជ្រាវនិងបន្តឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ០១នាក់ទៀត គឺឈ្មោះសុខ ចំរើន យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានជិះម៉ូតូ ០១គ្រឿងម៉ាកហុងដាឌ្រីម សេ៊រីឆ្នាំ ២០២៣ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល រួចឆក់យកកាបូបនិងបានប្លន់យកម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ពិតប្រាកដមែន។
បច្ចុប្បន្នប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន២នាក់ហើយ និងកំពុងស្រាវជ្រាស្វែងរកជនសង្ស័យម្នាក់ទៀតជាស្រី ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន