Update ៖ ក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានជម្រាបមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ អំពីការផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយយោងតាមច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រជុំពីម្សិល, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានណែនាំឱ្យលោក លោកស្រីជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យប់ម្សិលមុិញនេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។

ជាថ្មីម្តងទៀត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សូមរំលឹកជាថ្មីជូនដល់លោក លោកស្រីជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print