ខេត្តឧត្តរមានជ័យ ៖ ស្ថានភាពនៅប្រាសាទតាមាន់ធំ វិលមករកសភាពស្ងប់ស្ងាត់ធម្មតា ក្រោយមានការសម្របសម្រួលគ្នារវាងកងទ័ពកម្ពុជា-ថៃ និងឯកភាពគ្នាមិនបន្ថែមកម្លាំងទ័ព, មេទ័ពភូមិភាគ២ថៃ ដឹកនាំកម្លាំងប៉ារ៉ាទៅទស្សនាប្រាសាទ២០នាទី ។
សូមបញ្ជាក់ថា ៖ ស្ថានភាពនៅប្រាសាទតាមាន់ធំ បានវិលមករកសភាពស្ងប់ស្ងាត់ដូចធម្មតាវិញហើយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្កិចគ្នាដោយសម្ដីរវាងភ្ញៀវទេសចរខ្មែរ និងក្រុមទាហានប៉ារ៉ាថៃ ក្រោយមានការសម្របសម្រួលគ្នារវាងថ្នាក់ដឹកនាំកងទ័ពកម្ពុជា-ថៃ ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់។
បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក ប៊ុន ស៊ើម មេបញ្ជាការរងកងកម្លាំងសុរៈនារីថៃ នៅលើប្រាសាទតាមាន់ ដើម្បីស្វែងរកដំណោះស្រាយជាមួយគ្នាដោយសន្ដិវិធី។
ក្នុងការសម្របសម្រួលជជែកពិភាក្សាគ្នានោះ ភាគីទាំងពីរបានរក្សាគោលការណ៍ដែលបានកំណត់ការពីមុន ពោលនៅម៉ោង៩៖០០នាទី ត្រូវបើកប្រាសាទឲ្យប្រជាពលរដ្ឋទាំងសង្ខាងឡើង លេងជាធម្មតា ហើយនៅម៉ោង៣៖០០នាទីត្រូវបិទប្រាសាទមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋទាំងសងខាងឡើងលេងឡើយ។
កំណត់កម្លាំងធ្វើការនៅលើប្រាសាទចំនួន៧នាក់ស្មើៗគ្នា ហើយបើមានបញ្ហាប្រជាពលរដ្ឋទាំងសងខាង ធ្វើខុសការកំណត់ភាគីម្ខាងទៀត ត្រូវរាយការណ៍ឲ្យភាគីម្ខាងទៀតបានដឹង ការដោះស្រាយ កំណត់ឲ្យកម្លាំងធ្វើការនៅលើប្រាសាទ ជាអ្នកដោះស្រាយ មិនត្រូវឲ្យភាគីណាមួយបន្ថែមកម្លាំងចូលមកដោះស្រាយនោះឡើយ។
ក្រោយការសម្របសម្រួល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានប្រតិភូទាហានឯកសណ្ឋានប៉ារ៉ាថៃ មកពីខេត្តនគររាជសីមា ចំនួន២៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុនសុីម ផាតក្លាង មេបញ្ជាការភូមិភាគទី២ កងទ័ពជើងគោកភូមិន្ទថៃបាន ចូលមកទស្សនាប្រាសាទតាមាន់ធំ រយៈពេល២០នាទី ទើបត្រឡប់ទៅវិញ។ ក្នុងនោះ ភាគីខាងថៃបានជូនដំណឹងមកកងពលតូចថ្មើរជើងលេខ៤២ផងដែរ។ សូមជម្រាបថា ៖ កម្ពុជារក្សាជានិច្ចព្រំដែនសន្តិភាព ប៉ុន្តែប្រជាពលរដ្ឋទូទាំងប្រទេស និងក្រៅប្រទេស «គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ»៕
ដោយ ៖ សិលា