ខេត្តកណ្តាល÷យុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ រីឯម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍ដ៏គួរឲ្យអាណិតមួយ ដែលកើតឡើងកាលពីវេលាម៉ោង ០៤និង២៣នាទីទាបភ្លឺថ្ងៃទី១៧ កក្កដា ២០២៥នៅលើផ្លូវជាតិលេខ៤២ ភូមិស្រែតាម៉ែង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ក្រោយជិះម៉ូតូបុកគោយន្តពីក្រោយ។
ប្រភពសមត្ថកិច្ចចរាចរណ៍ជើងគោក នៃអធិការដ្ឋាននគរបាលស្រុកពញាឮបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ហ៊ឺម ម៉េងលី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រឡ សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ជនរង គ្រោះបានជិះម៉ូតូម៉ាក Honda CRF ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1IL-1311(ម៉ូតូរងការខូចខាតធ្ងន់)។ លោកអធិការបានបន្តថា ជនរងគ្រោះមានអ្នករួមដំណើរម្នាក់ឱឈ្មោះ ស្រ៊ន តុលា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងស្នោ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលរងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ពាក់មួកសុវត្ថិភាព។
ប្រភពសមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា នៅវេលាកើត ហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។ លុះមកដល់ចំណុចកើត ហេតុ ម៉ូតូក៏បានជ្រុលទៅបុកគោយន្ត១គ្រឿងនៅខាង មុខ ចំពីក្រោយ (បើកបរស្របទិសគ្នា)។ ចំណែកអ្នក បើកបរគោយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យវាស់វែង និងបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ត្រូវសាច់ ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ រីឯម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ជាអ្នកបើកបរគោយន្តយកមកសួរនាំ ដោះស្រាយតាមនីតិវិធីច្បាប់៕