នាយករដ្ឋមន្ត្រីជប៉ុន Ishiba ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងនៅមុនការបោះឆ្នោតនាចុងសប្តាហ៍នេះ ខណៈដែលតម្លៃអង្ករក្នុងខែមិថុនាបានកើនឡើង 99.2% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទិន្នន័យដែលចេញផ្សាយដោយក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី 17 ខែកក្កដា បានបង្ហាញថា តម្លៃអង្ករក្នុងប្រទេសបានកើនឡើង 92.5% និង 101% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងខែមីនា ដល់ខែឧសភា អត្រានៅក្នុងខែមិថុនាគឺ 99.2% ។
អត្រាអតិផរណាស្នូលរបស់ប្រទេសជប៉ុនបានធ្លាក់ចុះមកត្រឹម 3.3% នៅក្នុងខែមិថុនា ធ្លាក់ចុះពី 3.7% នៅក្នុងខែឧសភា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង 3.4% ធៀបនឹង 3.3% ក្នុងខែឧសភា។
ការវាយតម្លៃការយល់ព្រមរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែតុលា ឆ្នាំ 2024 ចំពេលមានការមិនសប្បាយចិត្តចំពោះអតិផរណា ការឡើងថ្លៃអង្ករ និងរឿងអាស្រូវក្នុងបក្សកាន់អំណាច។
ក្រុមចម្រុះរបស់ Ishiba បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបរបស់ប្រទេសជប៉ុនក្នុងការបោះឆ្នោតខែតុលា ឆ្នាំ 2024 ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេល 15 ឆ្នាំសម្រាប់គណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលបានគ្រប់គ្រងប្រទេសជប៉ុនស្ទើរតែជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 1955 មក។
ការស្ទង់មតិនៅមុនការបោះឆ្នោតថ្ងៃទី 20 ខែកក្កដា បង្ហាញថា ក្រុមចម្រុះកំពុងកាន់អំណាចអាចបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ ដែលមានន័យថា Ishiba នឹងត្រូវចុះចេញពីតំណែងបន្ទាប់ពីកាន់តំណែងតិចជាងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីជប៉ុនក៏ស្ថិតនៅក្រោមសម្ពាធផងដែរក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក មុនពេលពន្ធ 25% ថ្មីចូលជាធរមាននៅថ្ងៃទី 1 ខែសីហា។ រថយន្តជប៉ុនដែលនាំចូលអាមេរិកនឹងត្រូវទទួលពន្ធយ៉ាងធ្ងន់ធ្ងរ រួមជាមួយនឹងដែកថែប និងអាលុយមីញ៉ូម៕ ដោយធីរីណា
រូបថត: TTXVN