ជនជាតិវៀតណាម៣៩នាក់​ ត្រូវបានបណ្ដេញចេញពីកម្ពុជា​ ពាក់ព័ន្ធ​ករណី​លួចស្នាក់នៅខុសច្បាប់

ចែករំលែក៖

ខេត្ត​កំពត​៖​ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ ជនជាតិវៀតណាមចំនួន៣៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា​ ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ និងធ្វើការខុសច្បាប់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ​។

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការអនុវត្តនីតិវិធីបណ្ដេញចេញនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ក្រោមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា​ ជនជាតិវៀតណាមដែលបានបណ្ដេញចេញក្នុងចំណោមទាំង៣៩នាក់នេះ មានស្រី១១នាក់ ដែលត្រូវចាប់បានដោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមជម្រាបជូនថា​ កន្លងមក និងជាពិសេសក្នុងប៉ុន្មានថ្ងៃមកនេះ អាជ្ញាធរកម្ពុជា​ បានអនុវត្តនីតិវិធីបណ្ដេញជនបរទេសដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ចេញពីប្រទេសជាបន្តបន្ទាប់។

កម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print