ជីវិតស្រ្តីមេម៉ាយ
ស្ត្រីវ័យប្រហែល ៣៨ ឆ្នាំ មានសម្បុរស្រអែម ច្រមុះខ្ពស់ល្មម សក់ត្រឹមស្មា និងមានរាងស្គមស្គាំង ហាក់ពុំនៅមានកម្លាំងតស៊ូនឹងការងារឡើយ ប៉ុន្តែគាត់ពូកែសម្ដីខ្លាំងណាស់។ ក្រោយរបបខ្មែរក្រហមចាប់ផ្ដើមកន្លះឆ្នាំ គឺក្នុងខែតុលា ១៩៧៥ ប្ដីរបស់គាត់បានធ្លាក់ខ្លួនឈឺក្អកធ្លាក់ឈាម។ទោះបីជាគាត់ចង់យកប្ដីទៅព្យាបាលនៅមន្ទីរពេទ្យ ក៏គាត់បានត្រឹមតែគិត មិនហ៊ានធ្វើឡើយសូម្បីតែនិយាយក៏មិនហ៊ានដែរ។
ចុងក្រោយ ប្ដីរបស់គាត់បានស្លាប់ទាំងអាឡោះអាល័យចោលប្រពន្ធកូន ហើយបានបន្សល់ទុកនូវពាក្យបណ្ដាំថា ខ្ញុំសុំទោស ឯងត្រូវមើលថែកូនឱ្យបានល្អផងណា និងត្រូវចេះបត់បែនជីវិតទៅតាមរបបសង្គមផង។ ពេលវេលាចេះតែកន្លងផុតទៅ ជីវិតម្ដាយ និងកូនទាំង ៥នាក់ត្រូវរស់នៅធ្វើការ គ្មានទេពាក្យថានឿយហត់។
យាយលុច ជាឈ្មោះស្ត្រីមេម៉ាយកូនប្រាំនាក់នោះ។ គាត់ខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ទោះបីជារូបរាងគាត់កូនស្គាំងស្គមហាក់គ្មានកម្លាំងក៏ពិតមែន ប៉ុន្តែគាត់មានចិត្តអំណត់តស៊ូនឹងការងារ ថែមទាំងធ្វើការងារ ប្រកបដោយស្មារតីរឹងមាំជានិច្ច។ គាត់មិនហ៊ានប្រព្រឹត្តអ្វីដែលខុសឆ្គងនឹងច្បាប់របស់អង្គការនោះទេ ព្រោះគាត់ខ្លាចអង្គការយកគាត់ទៅដាំដំឡូង ឬយកទៅរៀនសូត្រចោលកូនៗ។ នៅពេលព្រលប់ថ្ងៃមួយពេលដែលយាយលុចត្រឡប់ដល់ផ្ទះជួបជុំកូន ស្រាប់តែកូនច្បងរបស់គាត់ដូចសួរថា
កូនច្បង÷ ម៉ែ!ម៉ែ!ហេតុអ្វីអង្គការឱ្យម៉ែធ្វើការយូរម៉្លេះ?
យាយលុច÷ ទេ!ទេ!កុំនិយាយអីចឹងប្រយ័ត្នមានគេឮណាកូន។ យាយលុចស្ទុះយកដៃទៅបិទមាត់កូនកុំឲ្យនិយាយខ្លាចអង្គការស្ដាប់ឮអាចមានគ្រោះថ្នាក់ដល់ជីវិត។
កូនច្បង÷ មានរឿងអីម៉ែបានខ្ទប់មាត់ខ្ញុំបែបនេះ?
យាយលុច÷ គ្មានរឿងអីកើតឡើងទេកូន ម៉ែចង់ឲ្យកូនឯងទាំងអស់គ្នាឡើងទៅលើផ្ទះដេកមុនម៉ែទៅ ចាំម៉ែងូតទឹកហើយម៉ែទៅដេកតាមក្រោយ។
កន្លងមួយរាត្រីយ៉ាងលឿន សំឡេងមាន់រងាវកចាប់ផ្ដើមបន្លឺឡើងល្វើយៗជាសញ្ញាដាស់ប្រជាកសិករឱ្យភ្ញាក់ស្មារតីរៀបចំប្រាណចេញទៅធ្វើការច្រូតស្រូវនៅវាលស្រែតាមផែនការរបស់ថ្នាក់លើកំណត់ឲ្យ ឲ្យបានរួចរាល់មុនថ្ងៃលិច។ ថ្ងៃត្រង់ហើយប្រជាកសិករឈប់សម្រាកហូបអាហារ ប៉ុន្តែគ្មានបាយហូបទេ គឺមានតែបបររាវមួយវែកម្នាក់ប៉ុណ្ណោះ។ ទោះបីហូបបបរមិនឆ្ងាញ់ និងមិនឆ្អែតទៅតាមចិត្តឃ្លានក៏ដោយ ក៏ប្រជាកសិករមិនហ៊ានសួរនាំឡើយ ព្រោះខ្លាចអង្គការចោទថា ប្រឆាំងនឹងអង្គការជាពួកមូលធន និងមិនលះបង់គំនិតរបបចាស់ចោល។ ល្ងាចនេះអង្គការមានការប្រជុំមួយដើម្បីណែនាំពីមាគ៌ាបក្សឲ្យបានជ្រួតជ្រាបដល់ទឹកចិត្តរបស់ប្រជាជនខ្មែរឲ្យស្មោះស្ម័គ្រចំពោះតែអង្គការ។
ម៉ោង ៤ ទៀបភ្លឺសមាជិកគ្រួសាររបស់យាយលុចបានភ្ញាក់ដឹងខ្លួនទាំងម្ដាយទាំងកូន ព្រោះតែឮសំឡេងឡូឡារបស់កម្មាភិបាលមួយក្រុមប្រហែលជាមានគ្នា៤នាក់ មកយកស្ត្រីម្នាក់ឈ្មោះ ស្បាយដែលជាប្រជាជនថ្មីរស់នៅក្បែរនោះហើយបណ្ដើរយកទៅរៀនសូត្រ។ គ្មាននរណាម្នាក់ហ៊ានជួយស្បាយឡើយ។ នៅពេលឃើញបែបនេះហើយ យាយលុច បានខ្សឹបប្រាប់កូនៗថា
យាយលុច÷ កូនៗទាំងអស់គ្នាស្ដាប់ម៉ែណា កូនកុំធ្វើអ្វីដែលខុសនឹងច្បាប់អង្គការឲ្យសោះ ម៉ែពិតជាខ្លាចណាស់ ហើយម៉ែប្រាកដជាស្លាប់តាមកូនមិនខាន បើកូនម៉ែជួបរឿងបែបនេះ។
កូនឆ្លើយព្រមគ្នា÷ បាទ!ចាស!ម៉ែ
ដើមឆ្នាំ ១៩៧៦ អង្គការនៅតែបន្តមាគ៌ាមហាអស្ចារ្យរបស់ខ្លួនជានិច្ច ដោយមិនខ្វល់ពីប្រជាជនដែលធ្វើការយ៉ាងលំបាកលំបិននោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃអង្គការបានចាត់តាំងឲ្យប្រជាជនធ្វើការមិនឈប់ឡើយ។ បន្ទាប់ពីរដូវច្រូតកាត់ស្រូវ អង្គការឲ្យប្រជាជនទៅជីកប្រឡាយទឹកដើម្បីទុកធ្វើជាប្រព័ន្ធសម្រាប់ធ្វើស្រែបន្តទៀត។ យាយលុចត្រូវអង្គការចាត់តាំងឲ្យទៅលើកប្រឡាយឲ្យបានប្រវែង ៣០ ម៉ែត្រ និងជម្រៅមួយម៉ែត្រកន្លះឲ្យរួចមុនថ្ងៃលិច។ យាយលុច ពេលនោះហាក់ទ្រុឌទ្រោមកម្លាំងទៅហើយ ព្រោះរាល់ថ្ងៃគាត់ធ្វើការហួសកម្លាំង ហូបមិនឆ្អែតគ្រប់គ្រាន់ និងមិនបានសម្រាកពេញភ្នែកទៀត ប៉ុន្តែយាយលុចនៅតែបន្តធ្វើការងារឲ្យរួចទៅតាមផែនការរបស់ថ្នាក់លើទាល់តែបាន។ យប់ណាស់ហើយទើបយាយលុចមកដល់ផ្ទះ ហើយឃើញកូនៗអង្គុយចាំឱ្យរហង់ចាំមើលផ្លូវម្ដាយ។ យាយលុចចាប់ផ្ដើមហូរទឹកភ្នែករហាមកាត់ផែនថ្ពាល់ដ៏ជ្រីវជ្រួញរបស់គាត់ ហើយក៏បាននិយាយអួលដើមកថា
យាយលុច÷ កូនៗនៅចាំអីទៀតកូនទៅដេកមុនម៉ែទៅ។
កូនទី ២÷ ម៉ែខ្ញុំនៅចាំម៉ែព្រោះខ្លាចម៉ែទៅចោលពួកខ្ញុំ។
គ្រាន់តែឮសំដីនេះភ្លាម ទឹកភ្នែកយាយលុចកាន់តែហូរខ្លាំងឡើងៗនឹកស្រណោះដល់សំដីរបស់ប្ដីកាលនៅរស់។ ម្យ៉ាងទៀតអាណិតកូនៗ ដែលនៅតូចៗត្រូវមករស់រងទុក្ខវេទនាជាមួយអង្គការ។
កូនស្រីពៅ÷ ម៉ែ!ម៉ែ!ខ្ញុំឃ្លានណាស់ម៉ែ។ កូនស្រីពៅរបស់ជាលុចមានអាយុប្រហែល៥ឆ្នាំនិយាយទៅកាន់យាយលុច។
យាយលុច ឮកូនស្រីពៅនិយាយបែបនេះហើយ ក៏ស្ទុះទៅដឹកដៃកូនឡើងលើផ្ទះ និងព្យាយាមសម្ងំយ៉ាងស្ងាត់ឈឹង ពីព្រោះខ្លាចបែកការសម្ងាត់។ តាមពិតយាយលុច ពេលធ្វើដំណើរមកផ្ទះវិញបានដើរកាត់ចម្ការដំឡូងជ្វាមួយកន្លែង ហើយស្របពេលស្ងាត់គ្មានមនុស្សដើរ គាត់ក៏បានលួចដកដំឡូងពីរបីមើមមកឱ្យកូនៗគាត់ ។
យាយលុច÷ ស្ងាត់ស្ងៀមណាកូន!ម៉ែមានដំឡូងជ្វាពីរបីមើមដែរ កូនស៊ីទៅម៉ែលាងទឹករួចហើយ។ កូនប្រុសៗ ពីរនាក់មិនស៊ីទេ តែកូនស្រីប្អូនបីនាក់បានចែកគ្នាស៊ីដោយស្ងៀមស្ងាត់បំផុតប្រកបដោយស្នាមញញឹមតិចៗ បើទោះបីជាដំឡូងនោះមិនបានចម្អិនក៏ដោយ។
ល្ងាចនេះ យាយលុច មើលទៅដូចជាស្លេកស្លាំងណាស់។ គាត់មានដំណើរមួយៗមិនរហ័សដូចសពមួយដងទេ។គាត់ដើរឈប់ៗ សម្រាកដូចរកកលរំដួល តែគាត់នៅតែប្រឹងដើររហូតទាល់តែដល់ផ្ទះ ទើបដួលសន្លប់មុខកូនៗរបស់គាត់។ ពេលនោះអ្នកជិតខាងបានចូលទៅជួយគ្រាមកក្រោមផ្ទះដើម្បីកោសខ្យល់ឲ្យបានធូរស្បើយ ប៉ុន្តែកងឈ្លបបានចូលមកឃើញស្ដីបន្ទោសឲ្យថា
សមមិត្តហំ÷ នែ!ពួកឯងធ្វើអី? ម៉េចក៏មកផ្តុំក្បាលគ្នានៅទីនេះពួកអាឯងមិនខ្លាចអង្គការទេឬ?
អ្នកជិតខាង÷ ទេសមមិត្តបង! ពួកខ្ញុំមកមើលសមមិត្តលុចដួលសន្លប់មិញនេះ។
យាយលុច÷ ខ្ញុំមិនអីទេ។ យាយលុចដឹងខ្លួនតិចៗ រួចឆ្លើយតបទៅកងឈ្លប។
សមមិត្តហំ÷ អើ វាមិនអីទេឆាប់ទៅកន្លែងរឿងខ្លួនទៅ តិចអញទៅដឹងថាលើឥឡូវហ្នឹង។
អ្នកទាំងអស់គ្នាបានរំសាយគ្នាទៅវិញតាមកន្លែងរៀងៗខ្លួនអស់ទៅ នៅសល់តែកងឈ្លបដែលបានស្ដីបន្ទោសឲ្យយាយលុចបន្តទៀតថា
សមមិត្តហំ÷ នែ!សមមិត្តឯងកុំធ្វើពុតជាឈឺអី ប្រយ័ត្នអង្គការយកទៅរៀនសូត្រ។
យាយលុច÷ ចាស់សមមិត្តបងខ្ញុំនឹងខំប្រឹងធ្វើការបម្រើមាគ៌ាបក្សឲ្យបានខ្លាំងក្លាបំផុត។
ក្រោមកម្ដៅព្រះអាទិត្យដែលកំពុងដុតរោលមកលើផែនដីយ៉ាងខ្លាំង ប៉ុន្តែមនុស្សដែលស្លៀកពាក់ខោអាវថ្មី ស្បែកជើងកង់ឡាន មានក្រមាម្នាក់មួយខ្លះបង់ក ខ្លះទទួរនឹងក្បាលកំពុងសម្រុកធ្វើការងាររៀងៗខ្លួន។ ០គ្មាននរណាហ៊ានឈប់សម្រាកទេ ព្រោះសមមិត្តប្រធានដើរត្រួតពិនិត្យការងាររបស់ប្រជាកសិករយ៉ាងម៉ត់ចត់បំផុតហើយបើមានអ្នកណាហ៊ានល្មើសបញ្ជាអង្គការនឹងយកទៅធ្វើការកន្លែងផ្សេងជាមិនខាន។
ថ្ងៃនេះយាយលុចបានទៅធ្វើការងារដូចសពមួយដង។ គាត់ខំបំពេញការងារឲ្យរួចរាល់មុនថ្ងៃលិច ដើម្បីបានសម្រាកយកកម្លាំងបានយូរបន្តិច។ នៅពេលយាយលុចកំពុងធ្វើការយ៉ាងមមាញឹក ស្រាប់តែមនុស្សម្នាក់បានដើរមកសួរគាត់ថា
សមមិត្តប្រធានកង÷ យ៉ាងណាហើយសមមិត្តប្អូន ឮថាដួលសន្លប់នោះ?
យាយលុចភ្ញាក់ព្រើតស្មានថាអ្នកណា។ នៅពេលដឹងថា ជាសមមិត្តបងគាត់ក៏ឆ្លើយទៅវិញថា
មិនអីទេសមមិត្ត!បងខ្ញុំបានស្រួលខ្លួនវិញហើយ។
សមមិត្តប្រធានកង÷ អើបើអ៊ីចឹងល្អហើយឯងត្រូវមើលថែសុខភាពខ្លួនឯងផង កុំគិតខ្វល់ច្រើនពេក។
កិច្ចសន្ទនារវាងអ្នកទាំងពីរបានបញ្ចប់យ៉ាងស្ងៀមស្ងាត់បំផុត មិនឲ្យអ្នកណាដឹងឮបាននោះទេ ព្រោះខ្លាចអង្គការភ្នែកម្នាស់ចោទថា ០ជាមនុស្សកំអែលពីសង្គមចាស់។ តាមពិតអ្នកទាំងពីរជាមនុស្សស្គាល់គ្នាយ៉ាងជិតស្និទ្ធស្នាលកាលដែលរស់នៅក្នុងសង្គមមុន ហើយធ្លាប់បានសន្យានឹងគ្នាថាមានរឿងអ្វីក៏ពួកគាត់ពុំចោលគ្នាឡើយ។
* គ្រួសាររងកម្ម÷
សង្គមរស់នៅលំបាកលំបិនមនុស្សគ្រប់គ្នាទ្រាំរស់ទាំងត្រដរប្រៀបដូចជាអ្នកជំងឺរង់ចាំពេទ្យសង្គ្រោះ។ យប់ថ្ងៃល្ងាចព្រឹក ពិតជារហ័សណាស់សម្រាប់ពេលវេលា ប៉ុន្តែវាពិតជាយឺតណាស់ សម្រាប់មនុស្សដែលកំពុងតែជួបវិបត្តិ។ ឱ!ជីវិតមនុស្សត្រូវរងកម្មគ្រប់សារពើពីសង្គមទាំងដែលខ្លួនពុំបានប្រព្រឹត្តខុសអ្វីសោះ។ ជីវិតគ្រួសារយាយលុច ចាប់ផ្ដើមជួបរឿងទុក្ខសោកសង្រេងទៀតហើយ។ ពីមុន យាយលុច បាត់បង់ប្ដីជាទីស្រឡាញ់ មកឥឡូវនេះយាយលុច ត្រូវបាត់បង់កូនស្រីទី ៤ ឈ្មោះថាវរី ត្រូវស្លាប់ព្រោះតែនាងកើតជំងឺគ្រុនក្តៅខ្លាំងគ្មានថ្នាំព្យាបាល។
នៅក្នុងសង្គមគថ្លង់ សង្គមមិនខ្វល់ខ្វាយ បានធ្វើឲ្យមនុស្សម្នាក់ៗលែងមានរឿងរ៉ាវជជែកវែកញែកគ្នាទៀតហើយ។ មនុស្សគ្រប់គ្នាសុទ្ធតែលាក់ការណ៍រៀងៗខ្លួនការពារខ្លាចហេតុការណ៍អាក្រក់កើតមានចំពោះខ្លួន និងសាច់ញាតិ។ ល្ងាចនេះនៅក្នុងគ្រួសាររបស់ យាយលុចហាក់ដូចជាប្រញាប់ឡើងទៅលើខ្ទមសំងំដេកយ៉ាងស្ងាត់ជ្រងំជាងរាល់សព្វដង។ ភ្នែករបស់ យាយលុច កំពុងលួចសម្លឹងមើលទៅឆ្ងាយ ហាក់ខ្វល់ខ្វាយក្នុងចិត្តមិនអាចទ្រាំបាន ព្រោះតែ សុខ ដែលជាកូនទី ២ របស់គាត់បានទៅលួចបេះផ្លែកចេកស្រគាលរបស់អ្នកដទៃបានប្រហែលបួនប្រាំផ្លែយកមកទុកចែកគ្នាហូប។ យាយលុច ភ័យស្លន់ស្លោជាខ្លាំង។
យាយលុច÷ កូនសុខបានផ្លែចេកមកពីណាមក។?
សុខ÷ បាទម៉ែ ខ្ញុំលួចបេះរបស់គេនៅចុងភូមិណាម៉ែ។
កូនបង÷ ហ្អែង! អាសុខកុំចេះតែហ៊ានរបស់គេ។
សុខ÷ ខ្ញុំឃ្លានណាស់បង ពេលគ្មានមនុស្ស ខ្ញុំក៏លួចបេះតែម្ដងទៅ។
កូនស្រីពៅ÷ ចែកឱ្យខ្ញុំផងអាបង។ នាងបានផ្ទុះទៅសុំផ្លែចេកពីបងយ៉ាងរហ័ស។
យាយលុច÷ អើឈប់ជជែកគ្នាទៅ ប្រយ័ត្នមានគេឮ ឆាប់ស៊ីឱ្យលឿនឡើងចាំម៉ែមើលផ្លូវឲ្យណា។
ពេលឮម្ដាយនិយាយដូច្នោះ កូនៗរបស់យាយលុចខំប្រឹងស៊ីចេកទាំងសំបក មាត់ញាត់ពេញស្ទើរតែពុំបានទំពាឲ្យម៉ត់ផង គ្រាន់តែដាក់ក្នុងមាត់ហើយលេបយកៗ។
ក្រោមកំដៅក្តៅហែង ប្រជាជនម្នាក់ៗប្រឹងប្រែងលើកដីធ្វើផ្លូវថ្នល់យ៉ាងសកម្មដើម្បីឲ្យរួចផុតពីការធ្វើបាបវាយដុំទាត់ធាក់ពីកម្មាភិបាលខ្មែរក្រហម។ ពេលកំពុងតែធ្វើការបុរសម្នាក់មានរឿងស្គមខ្លាំងប្រហែលជាមិនស្រួលខ្លួនបានទម្លាក់អង្គុយចុះ។ដើម្បីរកឲ្យស្រួលខ្លួនណាវិញ។ ស្រាប់តែកូនឆ្លូតឃើញក៏ស្រែកគំរាមចំណុចខ្លាំងៗដាក់ថា
កងឈ្លប÷ យើសអាខ្ជិលច្រអូស អ្ហែងហ៊ានមិនធ្វើការផង អ្ហែងដឹងទេ ឯងធ្វើនេះល្មើសនឹងច្បាប់របស់អង្គការហើយ។(នៅមានត)