ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួម និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះបង្រ្កាបហាងលក់សម្លៀកបំពាក់ H Collection ទាំង ៣សាខា ក្នុងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីតាំងលក់សម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រំលោភកម្មសិទ្ធិបញ្ញារបស់ ក្រុមហ៊ុន HUGO BOSS AG យោងតាមបណ្តឹងរបស់ក្រុមហ៊ុនតំណាង S&O ។
ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតផលិតផលសម្លៀកបំពាក់ម៉ាក HUGO BOSS ក្លែងក្លាយ រួមមាន : អាវ ចំនួន ១៨៤៣អាវ, មួកចំនួន ១២មួក, ស្បែកជើង ចំនួន ១៣២គូ, ខោ ចំនួន ២០ខោ និង ខោក្នុងបុរស ចំនួន ១៨ខោ ព្រមទាំងបាននាំខ្លួនម្ចាស់ទីតាំងរួមនឹងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។
ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់បងប្អូនអាជីវករ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយបញ្ឈប់ធ្វើការនាំចូល ចែកចាយ តាំងលក់ ក៏ដូចជាផ្សព្វផ្សាយលក់តាមបណ្តាញសង្គម នូវផលិតផលក្លែងក្លាយ ឬក្លែងបន្លំម៉ាកសញ្ញា បើពុំនោះទេ សមត្ថកិច្ចនឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ៕
ដោយ៖តារា