ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រចាំការគោលដៅត្រួតពិនិត្យ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតនៅក្នុងភូមិ បាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ត្រី រៀល ថេន នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានឃាត់រថយន្តមានដឹកជនជាតិចិនចំនួន ៩នាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង និងសម្ភារៈមួយចំនួនទៀតដើម្បីរក្សាទុកជាវត្ថុតាង ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ផ្អែកតាមរបាយការណ៍ស្រាវជ្រាវ សមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិននេះមានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនប៉ូលីសអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។
គួរបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ដោយ៖តារា
រូបភាព៖ទទក