អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូង ពីទីក្រុងសិនជិន នៃប្រទេសចិន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងសិនជិន នៃប្រទេសចិន លេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួន របស់ប្រទេសចិន រួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន នេះផ្ទាល់។

បើយោងតាមការចេញផ្សាយ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន ក្នុងពិធីទទួលជើងហោះហើរត្រង់ លើកដំបូងនេះ បានមានប្រសាសន៍ថា ការទទួលបានជើងហោះហើរត្រង់ ពីទីក្រុងសិនជិន នៃប្រទេសចិននេះ ជាសញ្ញាល្អ ដែលបង្ហាញកម្ពុជា ជាពិសេស ខេត្តសៀមរាប នៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរជនជាតិចិន។

នៅជំហានដំបូងនេះ នឹងមានការហោះហើរចំនួន៣ជើង ក្នុងមួយសប្ដាហ៍ ដោយមួយជើង ចុះចតនៅសៀមរាប និង ២ជើងទៀត នៅភ្នំពេញ។

ឯកឧត្តម ជា អូន បានឱ្យដឹងថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរមកកម្ពុជានោះ ក៏នៅមានក្រុមហ៊ុនមួយចំនួនទៀតបានដាក់ពាក្យសុំហោះហើរមកកម្ពុជាផងដែរ។  

ឯកឧត្តម បន្ថែមថាចំពោះការតភ្ជាប់ជើងហោះហើរត្រង់នេះដែរ នឹងជួយជំរុញទេសចរចិនពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ របស់ប្រទេសចិន (Greater Bay Area) ដែលរួមមានទីក្រុងក្វាងចូវ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ មកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងយុទ្ធនាការឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ ផងដែរ។

ក្នុងឱកាសនោះដែរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ វិស័យទេសចរណ៍របស់ខេត្តសៀមរាប បានងើបឡើងវិញជាបណ្តើរៗ និងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះអ្នកទេសចរជនជាតិចិនបានឈរ នៅលំដាប់ទី៤ នៃអ្នកទេសចរបរទេសដែលមកកម្សាន្ត នៅខេត្តសៀមរាប។ 

ចំពោះការហោះហើរត្រង់ថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នាពេលនេះ ក៏ជាសញ្ញាល្អ ដែលបង្ហាញថា អ្នកទេសចរជនជាតិចិន បានវិលត្រលប់មកកម្ពុជាវិញ៕

មន្ទីរព័ត៌មានខេត្តសៀមរាប

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print