ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះផ្សាយបញ្ជាក់ជំហរដដែលជាថ្មីម្តងទៀតជុំវិញការបើកព្រំដែនឡើងវិញថា កូនសោគឺស្ថិតនៅក្នុងដៃភាគីថៃ ដែលមានខ្លឹមសារដូចខាងក្រោម៖
ជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយ សូមមេត្តាជ្រាបថាក្រុមជ្រុលនិយម បន្តក្លែងបន្លំ និងបង្កើតព័ត៌មានក្លែងក្លាយនាំឱ្យមានការយល់ច្រលំ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសរួចរាល់ និងបានបញ្ជាក់ជាបន្តបន្ទាប់ គឺរក្សាគោលជំហរដដែលមិនផ្លាស់ប្តូរនោះទេ។
១/ កម្ពុជារក្សាការគោរពច្បាប់អន្តរជាតិ និងសន្តិភាព
២/ គោលការណ៍ចំពោះការបើកព្រំដែនឡើងវិញ គឺអាស្រ័យលើថៃ ប្រសិនបើថៃចង់បើកច្រកព្រំដែនឡើងវិញ កូនសោ គឺនៅហ្នឹងថៃខ្លួនឯង ដែលត្រូវអនុវត្តតាម ៣លក្ខខណ្ឌដែលមានដូចជា៖ ១/ ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថានឹងមិនមានការបិទជាឯកតោភាគីនេះទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយគ្រប់ច្រកទាំងអស់ និង៣/ ត្រូវបើកឱ្យដូចមុនថ្ងៃ៧ មិថុនា។ ពេលថៃធ្វើបាននោះ កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។
សរុបមក សម្រាប់គោលជំហរដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ គឺកម្ពុជាសូមបញ្ជាក់ថា «ជំហររបស់កម្ពុជាគឺនៅដដែល មិនចាំបាច់មានការចរចាណាមួយនោះទេ គឺឱ្យតែភាគីថៃបើកព្រំដែនឡើងវិញទាំងអស់ កម្ពុជានឹងអនុវត្តតាមក្រោយ»។
ដូចនេះ សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាជ្រាបជាព័ត៌មាន ហើយតាមដានតែព័ត៌មានដែលចេញពីការផុសដោយផ្ទាល់ពីផេកផ្ទាល់ខ្លួនផ្លូវការរបស់សម្តេចបវរធិបតីប៉ុណ្ណោះ៕
ដោយ ៖ សិលា