ភ្នំពេញ ៖ បុរស០២នាក់ជិះម៉ូតូលឿនចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុកផ្ទប់នឹងរថយន្តហ្វដដែលបត់ចូលបុរីចំពាក់កណ្ដាលរថយន្ដបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ០២នាក់ ត្រូវបានសមត្ថកិច្ចទាក់ទងរថយន្ដសង្រ្គោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីពលរដ្ឋបានអោយដឹងថា មុនកើតហេតុ មានបុរស០២នាក់ជិះម៉ូតូធំ ម៉ាក Kawasaki ពណ៌បែតងលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JZ-8648 ជិះឌុបគ្នាក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ ១០០៣ ថ្មី ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខ្លោងទ្វារបុរី វិមានភ្នំពេញ ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Ford Ranger XL ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-5636 ធ្វើដំណើរតាមផ្លូវលេខ១០០៣ថ្មី ក្នុងទិសដៅពីជើងទៅត្បូង ហើយបត់ឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ បុរស០២នាក់ ដែលជិះម៉ូតូបានមកបុកផ្ទប់ទ្វារគាបជាប់រថយន្តរងរបួសធ្ងន់ម្នាក់ នឹងម្នាក់ទៀតផ្លោងរំលងរថយន្ដរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះសមត្ថកិច្ចរួមជាមួយកងរាជអាវុធហត្ថ បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់មកដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ដោយឡែកម៉ូតូធំម៉ាកKawasaki ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ រីឯរថយន្ដ
ហ្វដខ្ទេចទ្វារមួយចំហៀង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ