ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ជាអគ្គនាយកដ្ឋានថ្មី បង្កើតឡើងនាដើមនីតិកាលទី៧ នៃរដ្ឋសភា តាមអនុក្រឹត្យ លេខ ២៧៩អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ចាប់តាំងពីពេលបង្កើត រហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋាននេះ បាននិងកំពុងខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលជាច្រើនជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
ជាក់ស្ដែងយោងតាមរបាយការណ៍លទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សម្រេចបានស្នាដៃលេចធ្លោលើការងារជាច្រើន ដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួន ដូចជា បានចាត់មន្ត្រីជំនាញ សិក្សាវគ្គបណ្ដុះបណ្ដាលស្ដីពី បញ្ញាសិប្បនិម្មិតដើម្បីកម្ពុជា កសាងសមត្ថភាពមន្ត្រីជំនាញ ដើម្បីជំរុញការប្រើប្រាស់ និងអភិបាលកិច្ចសិប្បនិម្មិត នៅបណ្ឌិត្យសភាបច្ចេកទេសឌីជីថលកម្ពុជា(CADT) រៀបចំសេចក្ដីព្រាងយន្តការសវនកម្មបច្ចេកវិទ្យាឌីជីថលសម្រេចបាន១០០% សេចក្ដីព្រាងយន្តការនៃក្រុមអធិការកិច្ចសវនកម្មបច្ចេកវិទ្យាឌីជីថលសម្រេចបាន២១% និងសេចក្ដីព្រាងបទដ្ឋានអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រេចបាន៨៧%។
បើតាមរបាយការណ៍ អគ្គនាយកដ្ឋាន ក៏បានរៀបចំមាតិកា និងឯកសារមេរៀននៃផែនការបណ្ដុះបណ្ដាលឆ្នាំ២០២៥ សម្រេចបាន៨៥% និងអភិវឌ្ឍមុខងារក្នុងប្រព័ន្ធគ្រប់គ្រងការបណ្ដុះបណ្ដាល(TMS) សម្រេចបាន៤៩% ព្រមទាំងរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្ត និងយន្តការអភិបាលកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ សុវត្ថិភាពមជ្ឈមណ្ឌលទិន្នន័យ ឧបករណ៍បច្ចេកទេស និងសេវាបច្ចេកវិទ្យាឌីជីថលសម្រេចបាន៦៥%។
បន្ថែមពីនេះ ក្នុងខែមិថុនាដដែល អគ្គនាយកដ្ឋាន ក៏បានផ្សព្វផ្សាយអប់រំ និងបញ្ជ្រាបចំណេះដឹង ជាព័ត៌មានជាតិ និងអន្តរជាតិលើគេហទំព័រក្រសួងមហាផ្ទៃបានចំនួន៦១៨អត្ថបទ និង១៣៨វីដេអូ បានផ្សាយបន្តផ្ទាល់កម្មវីធិព័ត៌មានប្រចាំថ្ងៃ បានចាក់ផ្សាយជារៀងរាល់ថ្ងៃនូវកម្មវិធី «តើអ្នកដឹងទេ?» និងកម្មវិធី«ឌីជីថល់ថ្ងៃនេះ» ព្រមទាំងបានចាក់ផ្សាយព័ត៌មានសំខាន់ៗប្រចាំថ្ងៃ និងព្យាករណ៍អាកាសធាតុ កម្មវិធីព្រឹត្តការណ៍ថ្មីៗ និងកម្មវិធីកីឡា និងសរុបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្ដាហ៍ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន បានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស ព្រមទាំងបានបោះពុម្ព និងចែកចាយទស្សនាវដ្ដីឆ្នាំទី២៩ ចំនួន១.៣៩២ក្បាល និងបានសហការរៀបចំចាក់ផ្សាយនាទីសន្ដិសុខមាតុភូមិតាមបណ្ដាទូរស្សន៍ជាតិ និងឯកជនចំនួន៣២លើក ស្មើនឹង១០៨អត្ថបទ និងរៀបចំ គ្រប់គ្រងបច្ចេកទេស នៃដំណើរការកិច្ចប្រជុំអនឡាញជូនថ្នាក់ដឹកនាំផងដែរ។
ក្រៅពីសមិទ្ធផលដែលបានលម្អិតខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក៏បានសម្រេចវឌ្ឍនភាពលើការងារសំខាន់ៗចំនួន២ទៀតដែរ មានដូចជា ១.ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ២.ការងាររៀបចំប្រព័ន្ធ ការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ជាអាទិ៍មាន ការរៀបចំប្រព័ន្ធផ្សព្វផ្សាយនិងប្រព័ន្ធតាមដាន ប្រមូល វិភាគព័ត៌មាន និងឆ្លើយតប ការរៀបចំប្រព័ន្ធឌីជីថលបម្រើដល់ការផ្តល់សេវាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំប្រព័ន្ធឌីជីថលបម្រើដល់ការផ្តល់សេវារដ្ឋបាល ការរៀបចំប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងការងាររដ្ឋបាល និងការរៀបចំប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងទិន្នន័យនានា។
សូមបញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ហោ សំអាត ជាអគ្គនាយក និងមានរចនាសម្ព័ន្ធចំនួន៧ រួមមាន ១-នាយកដ្ឋានរដ្ឋបាលសរុប ២-នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល ៣-នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល ៤-នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ៥-នាយកដ្ឋានសន្តិសុខសាយប័រ ៦-នាយកដ្ឋានផ្សព្វផ្សាយអប់រំ ៧-ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន)៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ