កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា​ អតីតយុទ្ធជន​ និងនិវត្តជន​ សុទ្ធតែជាអ្នកជួយជាតិ និងស្ថាបនាជាតិ​រហូតមកទល់បច្ចុប្បន្ន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ព្រឹកថ្ងៃទី២០ខែកក្កដា​ ឆ្នាំ ២០២៥​ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញក្នុងពិធី សម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។

ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក, លោក ឃ្លោក ណូយ អភិបាលរងខេត្ត តំណាង អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តម សេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, តំណាងមេបញ្ជាការកងរាជ អាវុធហត្ថខេត្ត, តំណាងមេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៣០០នាក់។

នាឱកាសនោះ​ កិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

ពិធីសំណេះសំណាលនោះកិត្តិសង្គហបណ្ឌិត គន់ គីម​ បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព​ និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន​ ទើបមានប្រទេសកម្ពុជាដ៏រុងរឿង។

ក្នុងនាម​ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ កិត្តិសង្គហបណ្ឌិត គន់ គីម​ មានប្រសាសន៍ថា​ ដោយ មេីលឃេីញពីការរួមចំណែក​ មិនថាទាំងអតីតយុទ្ធជន​ និងនិវត្តជន​ ទេីបសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រធានសមាគម​ សម្រេចបញ្ជូលអតីតយុទ្ធជន​ និងនិវត្តជន​ ឱ្យមកក្រោមឆ័ត្រតែមួយ​ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ​ ប្រធានសមាគម។

កិត្តិសង្គហបណ្ឌិត គន់ គីម​ បន្តទៀតថា​ រាជរដ្ឋភិបាល​ នីតិកាលទី៧​ នៃរដ្ឋសភា​ ដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ និងជាអនុប្រធានទី១​ សមាគមអតីតយុទ្ធជនកម្ពុជា​ បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ច​ទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ​ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក​ ដេីម្បីផ្តល់ផ្ទះ​ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ។

...

ចុងបញ្ចប់កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print