ខេត្តបន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ កោតសសើរដល់នាយឧត្តមសេនីយ៍ សុខ ភាព ចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា នេះជាខ្លឹមសារចំណារ នៅក្នុងឱកាសដែល ឯកឧត្តម កែ គឹមយ៉ាន និងលោក លោកស្រី តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:០៥នាទីយប់ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ ។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសដ៍សែនក្រៀមក្រំនោះ លោក កែ គឹមយ៉ាន បានសម្តែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្ដុកក្ដួលសោកសៅ និងស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដោយបានចាត់ទុក្ខមរណភាព នាយឧត្តមសេនីយ៍ សុខ ភាព គឺជាការបាត់បង់ដ៏ធំធេង ឪពុក ឪពុកក្មេក និងជីតាមួយរូប ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ទឹកចិត្តសណ្តោសប្រណីនិងមេត្តាធម៌ ចំពោះក្រុមគ្រួសារដែលក្នុងមួយជីវិតរបស់ នាយឧត្តមសេនីយ៍ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំបុត្រធីតានិងចៅៗរហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមចំណែកបម្រើ និងអភិវឌ្ឍសង្គមជាតិ ហើយជាបាត់បង់នូវ ឥស្សរជនឆ្នើមមួយរូបនៃកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងសូមកោតសសើរចំពោះស្មារតីរួបរួមជាតិ ដែលមានតម្លៃសម្រាប់ជាតិខ្មែរនិងរស់រវើកក្នុងសន្តានចិត្តរបស់យើងទាំងអស់គ្នា។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក ឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តមបានទៅ កាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា