ភ្នំពេញ៖ ក្រុមអ្នករត់ឡានតាក់ស៊ីដែលឈប់ចតចាប់ម៉ូយបែបអនាធិបតេយ្យនៅម្តុំមុខរ៉ារថភ្លើងក្បែរព្រះសក្សមុនីចេតិយ្យក្នុងសង្កាត់ស្រះ កំពុងតែបង្កឲ្យមានភាពរញ៉េរញ៉ៃ ដោយអ្នករត់ឡានតាក់ស៊ីទាំងនោះមកឈប់ចតចាប់ម៉ូយនៅទីនោះ មិនខ្លាចអជ្ញាធរខណ្ឌនោះឡើយ ដោយបង្កឲ្យកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរបានរអ៊ូរទាំថាព្រោះតែអជ្ញាធរខណ្ឌសង្កាត់បណ្តែតបណ្តោយនោះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលួចបង្ហើបប្រាប់ថា ព្រោះតែមានអាជ្ញាធរសង្កាត់ស្រះចកជាអ្នកបើកដៃឲ្យក្រុមអ្នករត់តាក់សីុទាំងនោះបង្កើតបែនឡាននេះឡើង ហើយគេឃើញថាមានមន្ត្រីសង្កាត់ជាអ្នកដើរប្រមូលលុយពីក្រុមអ្នករត់តាក់សីុទាំងនោះផងដែរ បើទោះជាលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញតែងតែចុះទៅចាប់រថយន្តតាក់សីុនោះយកមកធ្វើការអប់រំកន្លងក៏មិនទាន់មានប្រសិទ្ធភាព ដោយសារតែមន្ត្រីសង្កាត់ទាំងអស់ហាក់ដូចជាមិនសូវខ្លាចអំណាចលោកអភិបាលខណ្ឌឡើយ ។
បែនឡានតាក់ស៊ីដែលបង្កភាពរញ៉េរញ៉ៃរត់ចាប់ម៉ូយប្រសាចនាំឲ្យកកស្ទះចរាចណ៍រាល់តែថ្ងៃនោះនៅចំណុចខាងមុខរ៉ារថភ្លើងក្បែរព្រះសក្សមុនីចេតិយ្យក្នុងសង្កាត់ស្រះ និងនៅផ្លូវលេខ១០៨ ស្ថិតខាងក្រោយធនាគារកាណាឌីយ៉ា និងធនាគារវឌ្ឍនៈស្ថិតក្នុងសង្កាត់វត្តភ្នំ និងនៅផ្លូវនៅបរិវេណផ្សារតូចផ្លាហ្សា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលគ្រប់គ្រងដោយអតីតប្តីរបស់លោកស្រីពេជ្រ សុជាតា សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញឈ្មោះហៅក្រៅតាបេន។
ដោយឡែកលោកអភិបាលខណ្ឌ ប្រជាពលរដ្ឋតែងតែឃើញពីសកម្មភាពចុះធ្វើដោយផ្ទាល់មិនខ្លាចពីការនឿយហត់ បើទោះក្រៅម៉ោងរដ្ឋបាលក៏នៅតែឃើញមុខចុះដឹកនាំធ្វើនោះប្រជាពលរដ្ឋរស់នៅខណ្ឌដូនពេញបាននាំគ្នាកោតសសើរលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញដែលលោកបានមមាញឹកយ៉ាងខ្លាំងក្នុងរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ជាពិសេសលោកអភិបាលតែងតែធ្វើព្យុះធ្វើភ្លៀងក្នុងការចុះណែនាំក៏ដូចជា ការដេញរថយន្តឈ្នួលដែលឈប់ចាប់ម៉ូយមិនខ្វល់ពីការកកស្ទះចរាចរណ៍ដល់អ្នកដំណើរនៅម្តំុគល់ស្ពានជ្រោយចង្វាត្រើយខាងលិចនោះ និងជាពិសេសទៀតលោកអភិបាលបានលប់បំបាត់ទាំងស្រុងនៅទីតាំងបេនឡាននៅខាងមុខរ៉ារថភ្លើងហើយឃើញថា ការធ្វើចរាចរណ៍នៅបរិវេណខាងមុខរ៉ា នៃព្រះសក្សមុនីចេតិយ្យនោះបានធូរស្រាលមួយរយៈ តែឥឡូវនេះក៏ចាប់ផ្តើមមានការកកស្ទះចរាចរណ៍ឡើងវិញហើយ ដោយសារតែនៅមានក្រុមអ្នករថឡានរថយន្តឈ្នួលទាំងនោះបានមកតាំងចតចាប់ម៉ូយនៅកន្លែងមុខរ៉ានោះវិញព្រោះតែការអនុញ្ញាតិពីអជ្ញាធរសង្កាត់ស្រះចកនោះហាក់ដូចជាថ្កើននឹងការណែនាំរបស់លោកអភិបាលខណ្ឌហើយមើលទៅ។
ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការលប់បំបាត់បេនឡាននៅខាងមុខរ៉ារថភ្លើងនោះ ព្រោះអីសាលារាជធានីបានធ្វើការជួសជុលកែលម្អរព្រះសក្សមុនីចេតិយ្យបានស្អាតល្អមានទីធ្លាទូលាយហើយមិនគួរអនុញ្ញាតិឲ្យមានការរត់ចាប់ម៉ូយរថឡានឈ្នួលនៅទីនោះទៀតឡើយ។ ដូច្នេះហើយពួកគាត់ក៏បានទទួចសំណូមពរលោកអភិបាលខណ្ឌគួរដាក់កម្លាំងលប់បំបាត់ដូចការធ្វើក្បែរស្ពានជ្រាយចង្វាចឹងទៅប្រហែលជាលែងមានការកកស្ទះចរាចរណ៍នៅទីនោះទៀតហើយ៕
ដោយ៖ ស ដារ៉ា