ក្លឹបបាល់ទាត់Napoliដែលជាម្ចាស់ជើងឯកអ៊ីតាលី Serie A បានប្រកាសថាបានចុះហត្ថលេខាទិញខ្សែការពារ Sam Beukema ពីក្រុម Bologna ដើម្បីពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត។
កីឡាករសញ្ជាតិហូឡង់រូបនេះបានចូលរួមNapoliជាមួយកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលមានតម្លៃ 30 លានអឺរ៉ូ (34.88 លានដុល្លារ) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី។
Beukema បានចូលរួមជាមួយ Bologna ក្នុងឆ្នាំ 2023 ក្រោយចាកចេញពី AZ Alkmaar ហើយកីឡាករវ័យ 26 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 80 ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមអ៊ីតាលីក្នុងរយៈពេល 2 រដូវកាលកន្លងមកនេះ រួមទាំងការចាប់ផ្តើមការប្រកួតចំនួន 8 ដងនៅក្នុងយុទ្ធនាការ Champions League របស់ពួកគេកាលពីរដូវកាលមុន។
Napoli ដែលបានឈ្នះជើងឯក Serie A ជាលើកទីបួនរបស់ពួកគេកាលពីខែឧសភា ក៏បានទិញបន្ថែមខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne ខ្សែបម្រើស្លាបសញ្ជាតិហូឡង់ Noa Lang និងខ្សែប្រយុទ្ធអ៊ីតាលី Lorenzo Lucca ទៅកាន់ក្រុមដឹកនាំដោយលោក Antonio Conte សម្រាប់រដូវកាលថ្មី។