ភ្នំពេញ៖ មួយរយៈកន្លងទៅនេះរដ្ឋបាលខណ្ឌច្បារអំពៅបានបើកយុទ្ធនាការចាប់រថយន្តធុនធំដែលបើកឆ្លងកាត់តំបន់ហាមឃាត់ខុសម៉ោងធ្វើចរាចរណ៍ និងចាប់រថយន្តតាក់ស៊ីឈប់ចតនៅចិញ្ចើមផ្លូវដើម្បីចាប់ម៉ូយធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សារធារណៈ ក្រោយការចាប់ប្រហែល២ម៉ោងក៏មានអ្នកធំមួយចំនួនបានស្ពាយតួនាទីរបស់ខ្លួនទូរស័ព្ទអន្តរាគមន៍ឆ្វេចឆ្វាច ។
យុទ្ធនាការចុះរៀបចំសណ្តាប់តាមដល់ផ្លូវសាធារណៈ ជាពិសេសតំបន់ការដ្ឋានផ្លូវជាតិលេខ១ដើម្បីកុំឲ្យកកស្ទះចរាចរណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់សែស្រឡាយអ្នកធំ ផ្ទុយទៅវិញប្រជាពលរដ្ឋសាទរចំពោះចំណាត់ការនេះ ។
ផ្តើមចេញពីការយកតួនាទីបុណ្យស័ក្តិទូរស័ព្ទអន្តរាគមន៍សុំយករថយន្តដែលល្មើសនិងបំរាមរបស់សាលារាជធានីភ្នំពេញនេះលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅបានក្រេវក្រោធយ៉ាងខ្លាំង ដោយលោកបានលើកឡើងថា មានអ្នកធំមួយចំនួនបានយកតួនាទីរបស់ខ្លួនទូរស័ព្ទអន្តរាគមន៍រឿងចាប់រថយន្តតាក់ស៊ី និងរថយន្តធុនធំ…ដែលទង្វើនេះមិនសមទំនងទាល់តែសោះ…បើនៅតែមានអ្នកធំទូរស័ព្ទអន្តរាគមន៍ទៀតនោះ….លើកក្រោយលោកនិងបង្ហាញអត្តសញ្ញាណអ្នកធំនោះឲ្យអ្នកសារព័ត៌មានយកទៅផ្សព្វផ្សាយដើម្បីកុំពូកែអន្តរាគមន៍ទៀត….។
ប្រសាសន៍ខឹងសម្បារទៅលើអ្នកធំដែលទូរស័ព្ទអន្តរាគមន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី២៧ កាលពីព្រឹកថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីមន្ត្រីទទួលបន្ទុកអនុវត្តផែនការសកម្មភាព ,លោក-លោកស្រីជាចៅសង្កាត់ទាំង៨ ។
ក្រៅពីការបញ្ចេញមតិខឹងសម្បារទៅលើអ្នកធំដែលទូរស័ព្ទអន្តរាគមន៍…អភិបាលខណ្ឌច្បារអំពៅលោកអ៊ាង ស៊ីផាន បានថ្លែងបន្តថា យុទ្ធនាការចុះចាប់រថយន្តដឹកទំនិញធំៗដែលធ្វើចរាចរណ៍ខុសម៉ោងល្មើសនិងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងធ្វើបន្តទៀតមិនបន្ធូរដៃឡើយ ដោយឡែកបញ្ហារថយន្តតាក់ក៏ធ្វើដូចគ្នាដែរ ដើម្បីរៀបចំសណ្តាប់ឲ្យបានប្រសើរឡើងថែមទៀត ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានក្រើនរំលឹកលោកអភិបាលរង និងមន្ត្រីទទួលបន្ទុកជំនាញផ្សេងៗ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវតាមតួនាទីដែលបានចាត់ចែងមិនត្រូវនៅស្ងៀមនោះឡើយ ។ ជាមួយគ្នានេះលោក
អភិបាលខណ្ឌបានស្តីបន្ទោសមន្ត្រីសង្កាត់ព្រែកឯងខ្លាំងៗ ខណៈលោកបានទទួលដំណឹងថា មន្ត្រីសង្កាត់នោះតែងតែប្រើពាក្យគំរោះគំរើយដាក់ប្រជាពលរដ្ឋដែលចូលសួរនាំពីបញ្ហាផ្សេងៗ និងណែនាំឲ្យមន្ត្រីសង្កាត់ត្រូវគិតគូពីបញ្ហាសំរាម….ណែនាំប្រជាពលរដ្ឋឲ្យវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ មិនត្រូវយកទៅបោះចោលនៅចិញ្ចើមផ្លូវឡើយ ៕
ដោយ៖ សណ្តោស